គម្រោងកែលម្អការតភ្ជាប់ផ្លូវថ្នល់ (Road Connectivity Improvement Project) គាំទ្រដោយហិរញ្ញប្បទាន តាមរយៈធនាគារពិភពលោក និងអនុវត្តន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទ។ គម្រោងនេះ មានគោលបំណងសំខាន់ក្នុងការកែលម្អផ្លូវជនបទ ដោយបង្កើនភាពធន់ ជាមួយការប្រែប្រួលអាកាសធាតុ និងធានាការទទួលបាន សេវាសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ជនបទ និងកែលម្អជីវភាពរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរ។

តាមរយៈឃ្លីបវីដេអូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៩ ខែមិថុនានេះ បានឱ្យដឹងថា ចាប់តាំងពី ឆ្នាំ២០២១ ដល់ឆ្នាំ២០២៩ ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងស្ថាបនា និងកែលម្អផ្លូវជនបទ ប្រវែងជាង ២៧៧ គីឡូម៉ែត្រ ស្ថិតក្នុងខេត្តគោលដៅ៣។ គិតត្រឹមដំណាក់កាលវាយតម្លៃ ពាក់កណ្តាល ការអនុវត្តគម្រោង ផ្លូវជនបទ ចំនួន ២៨ខ្សែ មានប្រវែង សរុបជាង ២៧៧ គីឡូម៉ែត្រ ស្ថិតក្នុងខេត្តគោលដៅទាំង៣ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ។
ជាមួយគ្នានេះដែរ គិតមកដល់ពេលនេះ វឌ្ឍនភាពនៃការអនុវត្តគម្រោង សម្រេចបាន ប្រមាណ ៥៣.១១% ក្នុងនោះ វឌ្ឍនភាពនៃការងារស្ថាបនាផ្លូវ សម្រេចបាន ប្រមាណ ៤៦%។
ដោយឡែកការស្ថាបនាផ្លូវជនបទចំនួន៦ខ្សែ ដែលមានប្រវែងសរុប៦១,៥គីឡូម៉ែត្រស្ថិតនៅក្នុងខេត្តក្រចេះសម្រេចបាន១៩,១៤% រីឯផ្លូវជនបទចំនួន៧ខ្សែ មានប្រវែងសរុប៦៧,៦គីឡូម៉ែត្រ ស្ថិតនៅខេត្តត្បូងឃ្មុំសម្រេចបាន៣៩,៩៧%។ សម្រាប់ខេត្តកំពង់ចាមផ្លូវជនបទចំនួន៧ខ្សែ មានប្រវែងសរុប ៧៥,០៣គីឡូម៉ែត្រ ត្រូវបានស្ថាបនារួចរាល់១០០%ហើយ។
