ស្ពានខ្ពស់ជាងគេនៅកម្ពុជា តម្លៃជាង២០លានដុល្លារ ត្រូវបានប្រសិទ្ធនាមថាជា «ស្ពានតេជោសន្តិភាពឬស្សីជ្រុំ»

សង្គម​ និង​សេដ្ឋកិច្ច

ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានរាជរដ្ឋាភិបាល សម្រេចប្រសិទ្ធនាម ថាជា “ស្ពានតេជោសន្តិភាពឫស្សីជ្រុំ”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេចនេះ ផ្អែកលើសំណើរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងយោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមបញ្ជាក់ថា ស្ពានខ្ពស់ជាងគេនៅកម្ពុជា លើផ្លូវជាតិលេខ១០ បានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីតាំងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥មក ដោយប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្ទ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ដ៏ត្រជាក់ស្រេប។

ស្ពានដែលមានឈ្មោះថា «ស្ពានតេជោសន្តិភាពឬស្សីជ្រុំ»នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្ពាននេះ សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន ចំណាយថវិកាជាតិសរុបប្រមាណ ២៥លានដុល្លារអាម៉េរិក។

ចំណុចកណ្តាលស្ពានស្ថិតត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ មានកម្ពស់៩០ម៉ែត្រ (គិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាន) ទទឹង១០ម៉ែត្រ និងប្រវែងសរុប៥៣៧ម៉ែត្រ។ ស្ពាននេះស្ថិតក្នុងភូមិសាស្រ្តដែលមានទេសភាពធម្មជាតិអំណោយផលដ៏ស្រស់ត្រកាល ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងនាមម្ចាស់គម្រោងក៏បានរៀបចំឱ្យមាននូវទីលានសម្រាប់សំចតថតរូបអនុស្សាវរីយ៍ នៅចំណុចកណ្តាលស្ពាន ដែលមានទទឹងសរុប១៥ម៉ែត្រ៕