រដ្ឋមន្រ្តីក្រសួងសាធារណការ ជំរុញឱ្យអភិវឌ្ឍកំពង់ផែកុងតឺន័រទឹកជ្រៅកាន់តែប្រសើរ

សង្គម​ និង​សេដ្ឋកិច្ច

លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខិតខំប្រឹងប្រែងបន្តទៀតដើម្បីសម្រេចបានគោលដៅរួម តាមផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់កំពង់ផែ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ក៏ដូចជាឆ្នាំបន្តបន្ទាប់ ដើម្បីធានាដល់ដំណើរការអភិវឌ្ឍន៍កំពង់ផែកុងតឺន័រទឹកជ្រៅស្នូលរបស់កម្ពុជា ដោយស្របតាមទស្សនវិស័យរបស់រដ្ឋាភិបាល និងការផ្តល់សេវាកម្មក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី៨ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោករដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ និងបានធ្វើការចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី៨ខែមិថុនា ឆ្នាំ២០១៧ ដោយអនុវត្ត និងបានរៀបចំយ៉ាង ទៀងទាត់នូវមហាសន្និបាតភាគហ៊ុនិកបានចំនួន ៧លើក រួចមកហើយស្របតាមប្រកាស និងគោលការណ៍ណែនាំស្តីពី អភិបាលកិច្ចសាជីវកម្មសម្រាប់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈប្រកបដោយជោគជ័យ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ជាច្រើន ​ដើម្បី​ប្រែក្លាយ​កំពង់​ផែ​ស្វយ័ត​​ក្រុងព្រះសីហនុដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិរបស់​កម្ពុជា ឱ្យ​ដើរ​តួនាទីកាន់​តែ​សំខាន់​ក្នុង​តំបន់ និង​ពិភពលោក​។​ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយរបស់កម្ពុជា ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មដែលទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់រៀងរាល់ថ្ងៃ៕