ប្រមុខរដ្ឋាភិបាលបានប្រកាសថា ក្នុងមួយឆ្នាំកម្ពុជាទទួលបានចំណូលជាង ១៨០ លានដុល្លារលើការផ្តល់ទិដ្ឋាការដល់ភ្ញៀវទេសចរបរទេស។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និង សម្ពោធរោងចក្រ ប្រព្រឹត្តិកម្មទឹកស្អាតចំការមន កាលពីម្សិលមិញ ប្រមុខរដ្ឋាភិបាលអះអាងថា ប្រទេសកម្ពុជានៅតែបន្តយកថ្លៃទិដ្ឋាការលើជនបរទេស ថ្វីបើមានសំណូមពរឲ្យមានការលើកលែង ដើម្បីជំរុញកំណើនភ្ញៀវទេសចរ។
សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា ការយកថ្លៃទិដ្ឋាការលើជនបរទេស ជាផ្នែកមួយក្នុងការបង្កើនថវិកាជាតិ។
កាលពីឆ្នាំ ២០១៩ កម្ពុជាទទួលភ្ញៀវទេសចរប្រមាណ ៦ លាននាក់។ ក្នុងនោះចំណូលពីការយកថ្លៃទិដ្ឋការមានរហូតដល់ជាង ១៨០ លានដុល្លារ។
កំណើនភ្ញៀវទេសចរកើនឡើងជារៀងរាល់ឆ្នាំ តែកម្ពុជាអាចទាញយកប្រយោជន៍ភ្ញៀវទេសចរតិចតួចនៅឡើយ។
បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ការលើកលែងទិដ្ឋាការ លុះណាកម្ពុជាមានការតភ្ជាប់ជើងហោះហើរទូលំទូលាយទៅបណ្ដាប្រទេសនានា មានផលិតផលទេសចរណ៍សម្បូរបែប ទើបរដ្ឋាភិបាលពិចារណារឿងលើកលែងទិដ្ឋាការនេះ៕