ដីប្រហែល៥០០ហិចតា ត្រូវប៉ាន់ហើយ! ខេត្តកោះកុង​ ទទួលនូវព្រលានយន្ដហោះថ្មីមួយទៀត

សង្គម​ និង​សេដ្ឋកិច្ច

ក្រៅពីព្រលានយន្ដហោះតារាសាគរ ខេត្តកោះកុង​ ក៏ត្រៀមទទួលនូវព្រលានយន្ដហោះថ្មីមួយទៀតផងដែរ ស្ថិតនៅព្រំប្រទល់ស្រុកមណ្ឌលសីម៉ា និងស្រុកកោះកុងលើផ្ទៃដីប្រហែល៥០០ហិចតា។​​​ នេះបើយោងតាមលោកសុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានបញ្ជាក់ក្នុងសន្និសិទសារព័ត៌មានស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកោះកុង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកថាព្រលានយន្ដហោះថ្មីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល និងក្រុមហ៊ុនវិនិយោគ កំពុងសិក្សារៀបចំទីតាំង។ 

ព្រលានយន្ដហោះទាំងពីរនេះសាងសង់រួចទាំងស្រុង នឹងជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តកោះកុង កាន់តែខ្លាំងឡើង ធ្វើឲ្យអ្នកវិនិយោគមកបណ្ដាក់ទុនវិនិយោគ និងវិស័យទេសចរណ៍ជាដើម។

បើ​តាមមន្រ្តី​ខេត្តកោះកុង​រូបនេះបាន​ឲ្យ​ដឹង​ថា ព្រលានយន្តហោះ​តារាសាគរ​នៅខេត្តកោះកុង នឹង​ចាប់ផ្តើមបើកដំណើរការហោះហើរសាកល្បងនៅ​ចុង​ឆ្នាំនេះ។

គម្រោង​ព្រលាន​ដ៏ធំនេះ​ដែល​ចាយ​លុយរាប់​រយ​លាន​ដុល្លារ អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Union Development កំពុង​សម្រុក​បញ្ចប់​គម្រោង​ដំណាក់កាល​ទី​មួយ បន្ទាប់ពីពន្យាពេល​ដោយសារ​ជំងឺ​កូវីដ​ ១៩។

លោក សុខ​ សុទ្ធី បន្តថា ព្រលានយន្តហោះតារាសាគរបានបញ្ចប់ការសាងសង់ផ្លូវរត់បាន ១០០% នៅតែបំពាក់ភ្លើងសញ្ញាប៉ុណ្ណោះ។ ចំណែកការសាងសង់ការិយាល័យ និងច្រកចេញចូលគឺសម្រេចបាន ៧០ភាគរយ។ នៅចុងឆ្នាំនេះ ព្រលានយន្តហោះតារាសាគរអាចសាកល្បងហោះហើរបានហើយ។

គួរ​បញ្ជាក់ថា ការ​អភិវឌ្ឍ​ព្រលាន​ដែលមាន​ទីតាំង​នៅ​ស្រុក​បុទុមសាគរ​នេះ​មានតម្លៃជាង២០០លានដុល្លារអាមេរិក ជាគម្រោងព្រលានយន្តហោះខ្នាតធំ ដែលវិនិយោគដោយក្រុមហ៊ុន Union Development Group។ វាមានប្រវែងបណ្តោយ៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ ដែលនឹងអនុញ្ញាតឲ្យយន្តហោះធុនយក្ស ប្រភេទប៊ូអីង៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន៕