ឯកឧត្តម សៀង ណាំ​ ជួបទុក្ខធំ​ សរសេរ​សំណេរ​សុំទោស​ភរិយា ទាំងទឹកភ្នែក ​និង​សោក​ស្តាយ​

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្ត្រ​ខេត្តសៀមរាប  បាន​សរសេរ​សំណេរ​យ៉ាង​វែងប្រកបដោយអត្ថន័យជ្រៅលើ​ទំព័រហ្វេសបុក នៅថ្ងៃទី៦ ខែកុម្ភៈម្សិលមិញ ខណៈ​ដែល​ភរិយា​របស់លោក​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​ទីក្រុង​បាំងកក​ប្រទេស​ថៃ ដោយសារតែ​បាន​ជួប​នូវ​ឧបទ្ទវហេតុបាក់​ឆ្អឹង​ស្មាល ហើយលោក​បាន​បង្ហាញ​នូវអារម្មណ៍​ក្តុកក្តួលសោកសៅ ដែលលោក​មិន​បាន​នៅ​ក្បែរ​ភរិយា​ជា​ទី​ស្រលាញ់របស់​ខ្លួន។ ខាងក្រោមជាខ្លឹមសារទាំងស្រុង៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ប្រពន្ធសំឡាញ់របស់បង! មុនពេលអូនអាននូវសំណេរដែលចេញពីដួងចិត្តនេះ បងសូមអភ័យទោសទុកជាមុននិងសោកស្តាយយ៉ាងខ្លាំង ដែល មិនបានរួមដំណើរជាមួយអូនទៅកាន់មន្ទីរពេទ្យក្រុងបាងកក ប្រទេសថៃ។ឧត្តមភរិយារបស់បង! ចាប់តាំងពីបងបានឃើញពន្លឺថ្ងៃរហូតដល់អាយុ២០ ឆ្នាំ ជីវិតបងបានរស់យ៉ាងសុខសាន្ត ក្រោមម្លប់ព្រហ្មវិហារធម៌របស់លោកឱពុកអ្នកម្តាយ។ បងបានទទួលនូវការស្រឡាញ់ ថ្នាក់ថ្នម និងការចិញ្ចឹមបីបាច់ គ្រប់យ៉ាងពីលោកទាំងទ្វេ។

តែក្នុងឆ្នាំ១៩៧៣ ទឹកដីកោះសំរោង ខេត្តកំពង់ចាម ដែលជាស្រុកកំណើត បានស្ថិតក្រោមការគ្រប់គ្រងរបស់ ពួកខ្មែរក្រហម(តំបន់រំដោះ) បងបានសំពះលាលោកអ្នកមានគុណ ដើម្បីចេញទៅបន្តការសិក្សានៅទីក្រុងភ្នំពេញ។ បងបានជម្រាបគាត់ថា «ពេលស្រុកបានសានត្រាណ បើកូននៅរស់ កូននឹងមករកលោកទាំងពីរវិញ តែបើមិនឃើញកូន មកទេ គឺកូនស្លាប់ហើយ»។ ពេលនោះ លោកឪពុកអ្នកម្តាយទាំងពីរបានជូនពរបង ឱ្យធ្វើដំណើរបានសុខសប្បាយ និងផ្តាំផ្ញើឱ្យខំរៀនសូត្រ។

ចេញពីកំពង់ចាម តំបន់រំដោះ មកភ្នំពេញត្រូវឆ្លងកាត់គ្រាប់កាំភ្លើង និងការប្រយុទ្ធយ៉ាងក្តៅគគុក រវាងកងទ័ព ខ្មែរក្រហម និងកងទ័ព លន់ នល់ ហើយទីបំផុតបងធ្វើដំណើរដល់ភ្នំពេញដោយសុខសប្បាយ។ អូនដឹងទេ? ប្តីរបស់អូនកាលណោះ មានតែខ្លួនមួយ គ្មានសាច់ញាតិនិងបងប្អូនឡើយ គឺក្លាយជាកូនកំព្រា តែលតោល លំបាកលំបិនក្រៃលែង ហើយដើរស៊ីឈ្នួលគេ ធ្វើកម្មករគេ ដើម្បីរស់និងបានរៀនសូត្រ។ បានតែពីរឆ្នាំប៉ុណ្ណោះ ភ្នំពេញត្រូវបានកាន់កាប់ទាំងស្រុងដោយរបបខ្មែរក្រហម គឺថ្ងៃ ១៧ មេសា ១៩៧៥ ហើយបង ក៏បានរស់នៅក្នុង កងយុវជន ធ្វើការធ្ងន់ធ្ងរដូចប្រជាពលរដ្ឋខ្មែរដទៃទៀតដែរ។ប្រពន្ធសំឡាញ់! ថ្ងៃទី២៥ ខែ៥ ឆ្នាំ១៩៧៧ បងនិងអូនបានឡើងប្តេជ្ញាក្លាយជាគូស្រករប្តីប្រពន្ធនឹងគ្នា រហូតមក ដោយចាប់ដៃគ្នាកសាងជីវិតទាំងលំបាកក្នុងរបបវាលពិឃាត។ អនុស្សាវរីយ៍ទាំងឡាយក្នុងរបបប៉ុលពត បងចាំយ៉ាងច្បាស់ ពេលខ្លះ បាយមួយដុំ ឬដំឡូងមួយដុំ អូនមិនហ៊ានហូបទេ អូនទុកសម្រាប់បង ឱ្យបងហូបមុន ទោះជាបងប្រាប់ថា ហូបទាំងអស់គ្នាក៏អូនមិនព្រមហូបដែរ ពេលនៅសល់ទើបអូនហូបតាមក្រោយ ពេលខ្លះបងហូបអស់អូន ក៏សុខចិត្តអត់ថែមទៀតផង។

ទី២ បងមានភារកិច្ចជាច្រើនត្រូវបំពេញជូនរាជរដ្ឋាភិបាល ជាពិសេស ការស្ថាបនាផ្លូវទាំង ៣៨ ខ្សែ នៃក្រុងសៀមរាបរបស់យើង។ហេតុផលនេះ បងដឹងយ៉ាងច្បាស់ថា អូនពិតជាយល់ហើយថែមទាំងលើកទឹកចិត្តបងទៀតផង។ បងគ្មានអ្វី ក្រៅពីពាក្យថា សូមទោសប្រពន្ធសំឡាញ់! គ្រប់ពេល អូនបានបម្រើប្តី បានរួមទុក្ខរួមសុខជាមួយបង តែបងបែរជា មិនអាចមើលថែអូនបានទៅវិញ។ បើបងអាចឈឺជំនួសអូនបាន បងនឹងឈឺជំនួស មិនឱ្យអូនដេកឈឺនៅលើគ្រែពេទ្យ នោះទេ។អូនដឹងទេ! ប្រហែលមកពីយើងបានធ្វើបុណ្យច្រើនហើយមើលទៅ ទើបយើងបានទទួលនូវសមានចិត្ត និងការអាណិតអាសូរ ពាក្យជូនពរគ្រប់ទិសទី ពីសំណាក់ថ្នាក់ដឹកនាំ និងព្រះសង្ឃ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជាច្រើនហូរហែ។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំថ្លែងព្រះអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានសមានចិត្តនិងរាប់អាន ខ្ញុំព្រះករុណា យើងខ្ញុំ។

សូមប្រគេនពរ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ បានប្រកបតែនឹងពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សូមគុណបុណ្យព្រះរតនត្រៃ បារមីនៅលើលោក ជួយឃុំគ្រងថែរក្សាអូនក្នុងការវះកាត់ នៅថ្ងៃចន្ទ ទី៨ ខាងមុខនេះបានប្រកបដោយជោគជ័យ និងឆាប់បានជាសះស្បើយត្រឡប់មកជួបជុំគ្រួសារយើងវិញ។