ផ្លូវការ! ​កាត់​ផ្នែកខ្លះ​នៃ​​ក្រុង​តាខ្មៅ ខេត្តកណ្តាល ចូល​ក្នុង​ដែន​រាជធានី​ភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ នៅក្នុង​ឆ្នាំ​២០២១​នេះ មាន​ផ្ទៃក្រឡា​នឹង​រីកដល់​៦៩៥,៤៩​គីឡូម៉ែត្រ​ការ៉េ ក្រោយពី​កាត់​ផ្នែកខ្លះ​នៃ​​ក្រុង​តាខ្មៅ ខេត្តកណ្តាល ចូល​ក្នុង​ដែន​រាជធានី​ភ្នំពេញ ខណៈដែល​នៅ​ឆ្នាំ​២០០៦​មាន​ផ្ទៃក្រឡា​ត្រឹមតែ​៣៨៥​គីឡូម៉ែត្រ​ការ៉េ​​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 1 person

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ បានបញ្ជាក់ថា ខណៈ​ពេល​កំណើន​ប្រជាសាស្រ្ត​ក្នុង​ទីក្រុង​បាន​កើន​ឡើង​យ៉ាង​គំហុក​ ស្រប​ពេល​ទីក្រុង​កាន់​តែ​រីក​ធំជាង​មុន។ ក្រឡា​ផ្ទៃ​ក្រុង​កើន រហូត​ដល់​ទំហំ​ ៦៩៥ គីឡូម៉ែត្រ​ការ៉េ​ក្នុង​ឆ្នាំ​២០២១ ក្រោយ​ការ​កាត់ផ្នែក​ខ្លះ​នៃ​ខេត្តកណ្តាល ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​រាជធានី​ធ្វើ​ការ​ពង្រីក​ភូមិ និង​សង្កាត់​មួយ​ចំនួន ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ប្រជាសាស្ត្រ ក៏​ដូច​ជា​ជួយ​សម្រួល​ដល់​អាជ្ញាធរ​ក្នុង​ការ​គ្រប់គ្រង​សណ្តាប់​ធ្នាប់ និង​បញ្ហា​មួយ​ចំនួន​ទៀត​ផង។

បើតាម​ប្រវត្តិ​ផ្ទៃក្រឡា​ត្រួសៗ របស់​រាជធានី​ភ្នំពេញមាន​ការ​ប្រែប្រួល​ដូច​តទៅ​៖

១. ឆ្នាំ​២០០៦ មាន​ទំហំ ៣៨៥ គីឡូម៉ែត្រ​ការ៉េ មាន៧​ខណ្ឌ និង៧៦​សង្កាត់​។​

២. ឆ្នាំ​២០០៩ មាន​ទំហំ ៣៧៧,៤៦​គីឡូម៉ែត្រ​ការ៉េ​ ​មាន​៨​ខណ្ឌ និង​៧៦​សង្កាត់​។​

៣. ឆ្នាំ​២០១២ មាន​ទំហំ ៦៧៨,៤៦ គីឡូម៉ែត្រ​ការ៉េ មាន​៩​ខណ្ឌ ៩៦​សង្កាត់​។​

៤. ឆ្នាំ​២០១៧ មាន​ទំហំ ៦៩២,៤៦ គីឡូម៉ែត្រ​ការ៉េ មាន​១២​ខណ្ឌ ១០៥​សង្កាត់​។​

៥. ឆ្នាំ​២០១៩ មាន​ទំហំ ៦៩២,៤៦ គីឡូម៉ែត្រ​ការ៉េ មាន​១៤​ខណ្ឌ ១០៥​សង្កាត់​។​

៦. ឆ្នាំ​២០២១ ឡើងដល់ ៦៩៥,៤៩ គីឡូម៉ែត្រ​ការ៉េ​ មាន​១៤​ខណ្ឌ ១០៥​សង្កាត់​។​

Image result for ភ្នំពេញ

នៅថ្ងៃទី​៩ ខែកុម្ភៈម្សិលមិញ អគ្គនាយកដ្ឋាន​រដ្ឋបាលក្រសួងមហាផ្ទៃ បានរៀបចំ​ពិធី​ប្រកាស​ផ្ទេរសិទ្ធិ​គ្រប់គ្រង និង​ការទទួល​ខុស​ត្រូវ​រវាង​រដ្ឋបាល​ខណ្ឌមានជ័យ និង​រដ្ឋបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជាមួយ​រដ្ឋបាល​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ក្រោម​អធិបតីភាព​លោក ប្រាក់ សំអឿន អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​រដ្ឋបាលក្រសួង​មហាផ្ទៃ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ដោយមាន​ការចូលរួម​ពី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល អភិបាលរង​រាជធានី​ភ្នំពេញ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ អភិបាលខណ្ឌ​មានជ័យ និង​ខណ្ឌដង្កោ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ​៕​