យោងតាមរបាយការណ៍បូកសរុបផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា នៅក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកុម្ភៈឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ ខេត្តបាត់ដំបង បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកលេងតាមតំបន់កម្សាន្តនានាសរុបចំនួន៣២ ៩៩០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន៣២ ៩១០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន៨០នាក់។
លោក អ៊ុច អ៊ុំភិនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបញ្ជាក់ថា ភ្ញៀវទេសចរនៅក្នុងដំណាក់កាលនៃការធ្វើដំណើរកម្សាន្តខាងលើមានការថយចុះបើប្រៀបធៀបនឹងថ្ងៃបុណ្យចូលឆ្នាំចិនកាលពីឆ្នាំកន្លងទៅ ។

ទោះបីបែបនេះក៏ដោយ ក៏ម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរក្នុងខេត្តជាច្រើនទៀតបានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល រួមទាំងប្រជាពលរដ្ឋមានការយល់ដឹងច្រើនបានចូលរួមអនុវត្តវិធានការការពារខ្លួនពីជំងឺកូវីដ-១៩បានល្អប្រសើរ។

ប្រធានមន្ទីរទេសចរណ៍បានបន្ថែមថា រមណីយដ្ឋាន និងគោលដៅទេសចរសំខាន់ៗដែលជាសក្តានុពលតំបន់លំហែកាយរបស់ខេត្តបាត់ដំបងដូចជា រមណីយដ្ឋានប្រាសាទបាណន់ រមណីយដ្ឋានភ្នំសំពៅ ទស្សនាហ្វូងសត្វប្រចៀវល្អាងភ្នំពៅ រមណីយដ្ឋានប្រាសាទឯកភ្នំ អាងទឹកកំពីងពួយ រមណីយដ្ឋានស្ទឹងថ្មដា រមណីយដ្ឋានទឹកធ្លាក់៥៣ ក្នុងស្រុកភ្នំព្រឹក រមណីយដ្ឋាននគរជុំភ្នំព្រឹក ភ្នំកំពូលវត្តល្អាងកង្កែប វត្តនាងរំសាយសក់ វត្តភ្នំជីហង្ស រមណីយដ្ឋានវត្តភ្នំចំបាំង និងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំល្អាងភ្នំប្រាំពីរជាដើម៕
