ទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយទូរទស្សន៍ធំៗចំនួន២ ក្រុមហ៊ុន ទូរទស្សន៍បាយ័នគ្រុប និងក្រុមហ៊ុនហង្សមាសគ្រុប នោះជាការបោះជំហានដ៏ធំមួយ ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា។
ពិធីចុះហត្ថលេខានេះ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ដែលមានការចូលរួមដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកឧកញ៉ា ឆាល វ៉ាន់ ទីប្រឹក្សាក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប និងលោកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប។

គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថល ដែលមានឈ្មោះថា “សម្ព័ន្ធ ទូរទស្សន៍កម្ពុជា គ្រុប ខូ អិល ធី ឌី” ដែលមានការចូលរួមភាគហ៊ុនដោយ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនទូរទស្សន៍បាយ័ន និងក្រុមហ៊ុនទូរទស្សន៍ហង្សមាស។ ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីមួយនេះ នឹងដាក់ឱ្យដំណើរការនូវថ្នាលទូរទស្សន៍ឌីជីថល ដែលនឹងផ្តល់ជូននូវសេវា និងជម្រើសទូរទស្សន៍ឌីជីថលដោយសម្បូរបែប ព្រមទាំងមានប៉ុស្តិ៍ច្រើនប្រភេទ សំដៅលើកស្ទួយចំណេះដឹង ការកម្សាន្ត និងទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាពសុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុននីមួយៗ បានបម្រើទស្សនីយអារម្មណ៍ ចំណេះដឹង និងការកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ៕

