អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថា មកដល់ពេលនេះ ខេត្តព្រះសីហនុមានរោងចក្រអគ្គិសនីដំណើរការដោយធ្យូងថ្មចំនួន៤រោងចក្រ ដែលមានអនុភាពផលិតអគ្គិសនីបាន២៣៥ មេហ្គាវ៉ាត់ និង៣៧៧ មេហ្គាវ៉ាត់។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា “នៅខេត្តព្រះសីហនុមានរោងចក្រអគ្គិសនីដំណើរការដោយធ្យូងថ្ម ចំនួន២ក្រុមហ៊ុន ស្មើនឹង៤រោងចក្រ គឺក្រុមហ៊ុន CELI+II (ក្រុមហ៊ុនខេមបូឌាន អេនើជី លីមីតធីត) ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ផលិតបាន២៣៥ មេហ្គាវ៉ាត់ និងក្រុមហ៊ុន CIIDG I+II (អេឡិចត្រូនិចផៅវើ ខូអឺលធីឌី) ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ផលិតបាន៣៧៧ មេហ្គាវ៉ាត់។
បើរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានបញ្ជាក់កាលពីថ្មីៗថា រហូតមកទល់ពេលនេះ កម្ពុជាបានចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍ប្រភពអគ្គិសនីចំនួន១១ រួចហើយ ដោយមិនបានរាប់បញ្ចូលស្ថានីយអគ្គិសនីដើរដោយប្រេងខ្មៅ ដែលមានស្រាប់នោះទេ ហើយប្រភពអគ្គិសនី ដែលចុះកិច្ចព្រមព្រៀងរួចហើយនេះ មួយចំនួនបានដាក់ឲ្យដំណើរការរួចហើយ និងមួយចំនួនទៀត កំពុងតែស្ថិតក្នុងដំណាក់ការសាងសង់៕