ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានអ្នកឧកញ៉ាគិត ម៉េង ជាអគ្គនាយក និងតំណាងក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ PTT ដែលមានលោក Songpon Thepnumsommanus នាយកគ្រប់គ្រងក្រុមហ៊ុនប្រចាំប្រទេសកម្ពុជាបានចុះហត្ថលេខាយោគយល់ លើការសហការដើម្បីជំរុញប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
អ្នកឧកញ៉ាគិត ម៉េង ថ្លែងថា នៅក្នុងផ្នែកមួយនៃអនុស្សរណៈយោគយល់នេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ភីធីធី ខេមបូឌានឹងស្វែងរកឱកាសដើម្បីសហការគ្នាអភិវឌ្ឍដំណោះស្រាយទូទាត់ សេវាកម្មហិរញ្ញវត្ថុ ការលក់ និងការធ្វើទីផ្សារទូទាំងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនភីធីធី។
លោក Songpon Thepnumsommanus នាយកគ្រប់គ្រងក្រុមហ៊ុន ភីធីធីប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុន PTT Cambodia បានទន្ទឹងរង់ចាំការសហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។
លោកបានថ្លែងថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនពោរពេញទៅដោយជំនាញដែលនឹងជួយពង្រីកវត្តមានរបស់ PTT នៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានអ្នកឧកញ៉ាគិត ម៉េង ជាអគ្គនាយកជាក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍចម្រុះដែលមានក្រុមហ៊ុនជាង៣០ ស្ថិតក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ទូរគមនាគមន៍ ថាមពលអគ្គិសនី និងការអភិវឌ្ឍអចលនទ្រព្យ។
ក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីតធីត (ភីធីធីស៊ីអិល) គឺជាក្រុមហ៊ុនប្រេងឥន្ធនៈដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រថៃ ដែលផ្គត់ផ្គង់ ចែកចាយ និងលក់ប្រេងនៅលើទីផ្សារនិងផលិតផលពាក់ព័ន្ធនានា។ បន្ថែមពីលើអាជីវកម្មប្រេងឥន្ធនៈ ក្រុមហ៊ុន ភីធីធី ក៏មានអាជីវកម្មផ្សេងទៀត រួមមាន Café Amazon, Jiffy Mart, Pearly Tea, Fit Auto៕