ធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា គឺជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារ នៅកម្ពុជា ។ បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា គឺកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ សំដៅរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយពិគ្រោះជាមួយរាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌ នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាមានសិទ្ធិផ្តាច់មុខក្នុងការបោះផ្សាយប្រាក់រៀល ដែលជារូបិយវត្ថុជាតិ ។ ធនាគារជាតិនៃកម្ពុជាជាអ្នករក្សាស្ថិរភាពរូបិយវត្ថុ ។ ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាជាអ្នកផ្តល់និងដកហូតអាជ្ញាប័ណ្ណ ចេញបទបញ្ញត្តិ និងត្រួតពិនិត្យ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ។ លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជាធ្វើការវិភាគស្ថានភាពសេដ្ឋកិច្ច និងរូបិយវត្ថុជាប្រចាំ ចេញផ្សាយរបាយការណ៍ និងព្រឹត្តិបត្រផ្សេងៗ ត្រួតពិនិត្យប្រព័ន្ធទូទាត់ជាតិ ដំឡើងតារាងស្ថិតិជញ្ជីងទូទាត់ និងចូលរួមក្នុងការគ្រប់គ្រងបំណុលជាដើម។

ខាងក្រោមនេះ គឺជាប្រវត្តិចាក់គ្រឹះដ៏យូរអង្វែងរបស់ធនាគារជាតិនៃកម្ពុជា ហើយធនាគារជាតិមួយនេះធ្លាប់បានហែលឆ្លងកាត់ឧបសគ្គធំជាច្រើនសម័យ ដែលអាចបែងចែកជា ៤ដំណាក់កាលដូចខាងក្រោម ៖
– ឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៦៤: ប្រទេសកម្ពុជាបានទទួលបានឯករាជ្យពីអាណានិគមនិយមបារាំងក្នុងឆ្នាំ១៩៥៤ ហើយធនាគារជាតិនៃកម្ពុជាក៏ត្រូវបានបង្កើតឡើង ។ ធនាគារជាតិនៃកម្ពុជាទទួលភារៈផ្តាច់មុខជាអ្នកបោះពុម្ពប្រាក់រៀល ដែលជារូបិយវត្ថុជាតិ និងគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា។

– ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩: ធនាគារជាតិនៃកម្ពុជាត្រូវបានបិទដោយសាររបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ។ អគារស្នាក់ការក៍ត្រូវបានកម្ទេច ហើយរូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់ និងប្រព័ន្ធធនាគារត្រូវបានលុបបំបាត់ចោលទាំងស្រុង ។

– ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣: ធនាគារជាតិនៃកម្ពុជា ត្រូវបានកសាងឡើងវិញពីចំណុចសូន្យ ទន្ទឹមនេះ រូបិយវត្ថុជាតិក៏ត្រូវបានបោះផ្សាយឡើងវិញ។ កម្ពុជាបានប្តូរពីសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារសេរី។

– ឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន: ប្រព័ន្ធធនាគារត្រូវបានពង្រឹងនិងធ្វើទំនើបភាវូបនីយកម្មជាលំដាប់ ហើយកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេនៅលើពិភពលោក ។

សូមបញ្ជាក់ផងដែរថា ឯករាជ្យភាពនិងការបង្កើតឡើងវិញ ១៩៥៤-១៩៦៤ ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីអានិគមនិយមបារាំង និងបន្ទាប់ពីវិទ្យាស្ថានបោះប្រាក់ឥណ្ឌូចិនត្រូវបានបិទទ្វារ៕
