មន្ទីរពេទ្យជោរៃភ្នំពេញ ប្រកាសចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលយកអ្នកជំងឺកូវីដ-១៩ទៅតាមសំណើររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានឲ្យដឹងនៅថ្ងៃទី២១ ខែកុម្ភះ ឆ្នំា២០២១។
កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល កម្ពុជាបានជ្រើសរើស យកមន្ទីរពេទ្យធំៗ និងមានភាពទុកចិត្តពីសាធារណជនចំនួន២ គឺមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យជោរៃ ភ្នំពេញឲ្យធ្វើជាកន្លែងបម្រុងសម្រាប់ដាក់ទទួលអ្នកជំងឺកូវីដ១៩បន្ថែម ដោយសារមានអ្នកឆ្លងជំងឺនេះកើនឡើងយ៉ាងគំហុក ។
ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានឲ្យដឹងថា មន្ទីរពេទ្យជោរៃភ្នំពេញ ជាមន្ទីរពេទ្យសហប្រតិបត្តិការអន្តរជាតិ រវាងកម្ពុជានិងវៀតណាម ហើយមន្ទីរពេទ្យពិតជាមានកិត្តិយសយ៉ាងខ្លាំងណាស់ ដោយបានទទួលការវាយតម្លៃយ៉ាងខ្ពស់ និងភាពជឿជាក់លើកំរិតជំនាញផ្នែកវេជ្ជសាស្ត្រ និងសមត្ថភាពព្យាបាល ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា។
គិតត្រឹមព្រឹកថ្ងៃទី២២ កុម្ភៈនេះមានករណីឆ្លងសហគមន៍២០កុម្ភៈបានកើនឡើងដល់ ៧៦នាក់ហើយក្នុងចំណោម អ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៥៦៨នាក់ក្នុងនោះអ្នកព្យាបាលឲ្យជាសះស្បើយមានចំមនួន៤៧៥នាក់និងអ្នកកំពុងបន្តសម្រាកព្យាបាលមានចំនួន៩៣នាក់៕