កីឡដ្ឋានតម្លៃ ៣ លានដុល្លារ នៅខេត្តកំពង់ស្ពឺបានរៀបចំពិធីបុកគ្រឹះសាងសង់កាលពីថ្ងៃ ២១ កុម្ភៈ ក្រោមការឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុនណាហ្គាវើល។

កីឡដ្ឋានបាល់ទាត់លក្ខណៈស្ដង់ដារនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចម្ងាយប្រមាណ៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលសាងសង់លើផ្ទៃដីជាង៤ហិកតា។
ការសងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺនេះ ជាគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ហើយទទួលបានការគាំទ្រពីក្រុមហ៊ុនណាហ្គាវើល។
បើតាមក្រុមបច្ចេកទេសសាងសង់ កីឡដ្ឋាននេះមិនត្រឹមតែជាទីតាំងប្រកួតកីឡាបាល់ទាត់សម្រាប់ខេត្តកំពង់ស្ពឺនោះទេ អាចប្រើប្រាស់សម្រាប់ការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិបានផងដែរ។


ការសាងសង់កីឡដ្ឋានបាល់ទាត់នេះបែងចែក ជា២ដំណាក់កាល ដែលដំណាក់កាលទី១ គឺជាការសាងសង់ ក្លោងទ្វារធំចំនួន២ របងជុំវិញ សួនកុមារ និងទីលានរត់ កន្លែងអង្គុយ VIP ៣,០០០កៅអី ទីលានបាល់ទាត់ ដែលបំពាក់ដោយភ្លើងបំភ្លឺទីលាន រួមជាមួយការរៀបចំបរិវេណជុំវិញ និងដំណាក់កាលទី២ សាងសង់កន្លែងអ្នកទស្សនាកើនដល់ ៦,០០០នាក់។ ក្រុមការងារសាងសង់គ្រោងចំណាយពេលវេលា យ៉ាងតិច១៥ខែ អាចរួចរាល់មុនចូលឆ្នាំ២០២២៕