សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យអនុវត្តច្បាប់ចំពោះបុគ្គល មិនធ្វើតាមវិធានសុខាភិបាល ការធ្វើចត្តាឡីស័ក និងគេចវេះមិនព្រមចូលព្យាបាល ឬមិនសហការផ្តល់ការសម្ភាសន៍ និងទីតាំងដែលមិនសហការផ្តល់ព័ត៌មាន។
ការសម្រេចរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមសំណើរឯកឧត្តម ឌី វិជ្ជា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ តាមរយៈឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

ក្នុងលិខិតដាក់ជូនសម្តេចតេជោ លើកឡើងថា កន្លងមកក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ២៨ វិច្ឆិកា និងព្រឹត្តិការណ៍ ២០ កុម្ភៈ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ តែងតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ក្នុងប្រតិបត្តិការរបស់ខ្លួន ក្នុងនោះបញ្ហាបុគ្គល ជាប់ពាក់ព័ន្ធជំងឺកូវីដ១៩ មិនព្រមសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណីរត់គេចមិនព្រមធ្វើចត្តាឡីស័ក ព្រមទាំងទីតាំងមិនសហការ ចំពោះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គលផ្ទុកជំងឺកូវីដ១៩ ដែលធ្វើឱ្យប្រតិបត្តិការមានភាពយឺតយ៉ាវ និងខ្វះចន្លោះ ហេតុដូចនេះដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ក្នុងសហគមន៍ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជ នូវវិធានការច្បាប់បន្ថែមចំពោះបុគ្គល និងទីតាំង ដែលមិនសហការនូវវិធានការមួយចំនួនដូចខាងក្រោម៖
១.ចំពោះជនបរទេសសូមគោរពស្នើសុំ បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូលប្រទេសសារជាថ្មី។
២.ចំពោះជនជាតិខ្មែរ សូមគោរពស្នើសុំចាត់វិធានការតាមផ្លូវច្បាប់។
៣.ចំំពោះទីតាំងសូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចុះហេត្ថលេខាយល់ព្រមតាមសំណើរ៕
