អាជ្ញាធរខេត្តព្រះសីហនុ បញ្ជាឲ្យបិទសណ្ឋាគារ ជិនប៉ីព័រអុី ទាំង៣សាខា រួមទាំងអគារស្នាក់នៅរបស់បុគ្គលិក ហើយឲ្យបុគ្គលិកទាំងអស់ដែលបានពាក់ព័ន្ធ ត្រូវបង្ហាញភាពស្មោះត្រង់ កុំលាក់លៀម និងត្រូវមកធ្វើតេស្តកូវីដ ១៩។
សណ្ឋាគារ ហ័ងហ្គ័នជាយី ក៏អាជ្ញាធរខេត្តបញ្ជាឲ្យបិទ ដោយសារមានភ្ញៀវស្នាក់នៅតេស្តមានវិជ្ជមានកូវីដ ១៩ផងដែរ។
កាលពីថ្ងៃ ២២ កុម្ភៈ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានធ្វើតេស្តជនបរទេស លទ្ធផលបានរកឃើញស្រ្តីចិនពីរនាក់មានវិជ្ជមានកូវីដ ១៩។ បច្ចុប្បន្នស្រ្តីរងគ្រោះទាំងពីរ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
របាយការណ៍របស់ក្រសួងសុខាភិបាលនៅព្រឹកនេះ បានបញ្ជាក់ថា មានអ្នកឆ្លងកូវីដ ៤០ នាក់ទៀត ក្នុងនោះ ៣៨ នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ។ អ្នកឆ្លងទាំង ៣៨ នាក់ ភាគច្រើនជាជនជាតិចិន និងមានជនជាតិខ្មែរ ០១ នាក់ និងវៀតណាម ០១ នាក់។ ចំណែកអ្នកឆ្លង ០២ នាក់ទៀត ជាអ្នកដំណើរមកពីក្រៅ៕