លោក Charles Xue ជនជាតិអាមេរិកដើមកំណើតចិន បានដឹកនាំជីវិតដ៏គួរឱ្យចាប់អារម្មណ៍ រហូតបានក្លាយជាបុរសមានទ្រព្យច្រើនបំផុតនៅក្នុងប្រទេសចិន និងជាអ្នកវិនិយោគបច្ចេកវិទ្យាឈានមុខគេមួយនៅក្នុងប្រទេសនេះ។
ជាកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិន លោក Xue បានឆ្លងកាត់សម័យចលាចលនៃបដិវត្តន៍វប្បធម៌ ហើយបានទៅសិក្សានៅក្រៅប្រទេស គឺក្នុងសហរដ្ឋអាមេរិក ក្រោយមកបានវិលត្រឡប់មកកសាងអាណាចក្រពាណិជ្ជកម្មមួយ នៅក្នុងទឹកដីកំណើតរបស់គាត់វិញ។
គាត់ក៏ជាអ្នកសរសេរប្លុកវែបសាយដ៏ល្បីល្បាញម្នាក់ ដែលមានអ្នកគាំទ្រជាង ១២ លាននាក់ ជាវេបសាយសង្គមឈ្មោះ Weibo របស់ចិន។ លោក Xue ដែលកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជាថ្មីៗនេះ បាននិយាយជាមួយអ្នកយកព័ត៌មានសេដ្ឋកិច្ច របស់កាសែតខ្មែរថាមស៍ លោក Jose Rodriguez T. Senase អំពីជីវិត និងផែនការវិនិយោគនៅកម្ពុជា។
ខ្មែរថាមន៍: លោកនិយាយថា លោកចាប់អារម្មណ៍នឹងប្រទេសកម្ពុជា ហើយចង់វិនិយោគនៅក្នុងប្រទេសនេះ។ តើអ្វីទៅជាផែនការជាក់លាក់របស់លោក? តើតំបន់ណាដែលលោកគ្រោងនឹងធ្វើការវិនិយោគ?
លោក Xue: ខ្ញុំមកទីនេះកាលពីឆ្នាំមុនដើម្បីចូលរួមសន្និសិទស្ដីពីប្រព័ន្ធ blockchain ហើយខ្ញុំក៏បានស្រលាញ់ប្រទេសកម្ពុជាចាប់ពីពេលនោះ។ ខ្ញុំបានត្រលប់មកកាន់ទីនេះ ១១ ដង ហើយខ្ញុំបានស្នាក់នៅទីនេះអស់រយៈពេលបួនខែមកហើយដែរ។
ខ្ញុំបានជ្រើសរើសខេត្តព្រះសីហនុជាកន្លែងចាប់ផ្ដើមដំបូងរបស់ខ្ញុំ។ យើងនឹងចាប់ផ្តើមវិនិយោគជាមួយវិស័យដីផ្លី និងអចលនទ្រព្យ។ ខ្ញុំបានទិញដីទំហំ ១ពាន់ ហិកតានៅរាម ក្បែរព្រលានយន្តហោះខេត្តព្រះសីហនុ។ ខ្ញុំក៏បានជួលដីទំហំ ៤ពាន់ ហិកតា ក្នុងរយៈពេល ១០០ ឆ្នាំ នៅឯកន្លែងមួយដែលជាតំបន់អភិរក្សព្រៃឈើជាតិ ស្ថិតនៅក្បែរព្រលានយន្តហោះផងដែរ។ ទីតាំងនេះមានក្រឡាផ្ទៃទំហំ ៨ គីឡូម៉ែត្រការ៉េ ដែលមានទំហំធំជាង ក្រុងម៉ាកាវដល់ទៅ ១៥ដង។
យើងនឹងសាងសង់ក្រុងព្រះសីហនុថ្មី។ យើងមានគម្រោងសាងសង់កាស៊ីណូ មជ្ឈមណ្ឌលកំសាន្ត និងមជ្ឈមណ្ឌលតាំងបង្ហាញទំនិញ។ យើងនឹងសាងសង់ជាផ្ទះវីឡា ទីលានវាយកូនហ្គោល សួនសត្វ ផ្ទះលម្ហែកាយសម្រាប់ប្រជាជនក្នុងតំបន់ និងផ្ទះសម្រាប់ជនជាតិចិនចូលនិវត្តន៍ ក្នុងមានតម្លៃសមរម្យ។ ក៏នឹងមានសង់តំបន់ឧស្សាហកម្មមួយ សម្រាប់ជនជាតិចិនអាចបង្កើតរោងចក្រពួកគេបានផងដែរ៕
ប្រភព៖www.khmertimeskh.com