យុវជនជាសរសរទ្រូងនៃប្រទេសជាតិ ដើម្បីចូលរួមបម្រើសង្គមជាតិ ឲ្យមានការអភិវឌ្ឍ ពិតណាស់ដែលថាត្រូវការយុវជនជាចាំបាច់ដើម្បីទ្រទ្រង់ជាតិមួយឲ្យរឹងមាំគង់វង្ស។ ជាក់ស្តែង មានយុវជនម្នាក់កំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍ពេញបណ្តាញសង្គម ដែលមានប្រវត្តិការសិក្សាមកពីបរទេសផ្នែកសុខសន្តិសុខ មែនតែប៉ុណ្ណោះទេ ថែមទាំងមានឈាមជាអ្នកចម្បាំង និងបង្ក្រាប់ឧក្រឹដ្ធកជនល្បីឈ្មោះម្នាក់។

លោកវរសេនីយ៍ឯក សៀ ទីន បានបញ្ចប់ការសិក្សា លើមុខជំនាញជាច្រើ រួមមាន បរិញ្ញាបត្រធុរកិច្ច គ្រប់គ្រងយោធា ពីសាលាបណ្ឌិតសភាយោធា ប្រទេសអូស្រ្តាលី បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈនិងអភិបាលកិច្ច ពីប្រទេសអូស្ត្រាលី ហើយថ្មីៗនេះទើបតែបញ្ចប់វគ្គ បញ្ជាការសេនាធិការ ពីប្រទេសសិង្ហបុរី និងបានយកយុទ្ឋសាស្រ្តថ្មីៗ មកអភិវឌ្ឍអង្គភាពរបស់ខ្លួន ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។

ជាកូនច្បងក្នុងចំណោមបងប្អូនបីនាក់ កើតក្នុងត្រកូលគ្រួសារមន្ត្រីរាជការ លោក សៀ ទីន បានចាប់យកអាជីពជាកងរាជអាវុធហត្ថ ដោយសារកាលនៅក្មេងរូបលោកបានឃើញឪពុកស្លៀកឯកសណ្ឋានកងរាជអាវុធហត្ថ ក៏ធ្វើឲ្យខ្លួនមានចិត្តស្រឡាញ់ចង់ក្លាយជាមន្ត្រីអាវុធហត្ថដូចឪពុក និងដោយសារខ្លួន បានចាប់កំណើតក្នុងសម័យប្រទេសជាតិកំពុងជួបប្រទះបញ្ហាសង្គ្រាមស៊ីវិល រឹតតែជម្រុញឲ្យខ្លួនមានចិត្តស្រឡាញ់អាជីព ជាកងកម្លាំងប្រដាប់អាវុធ ដែលអាចចូលរួមស្វែងរក ក្ដីសុខ សន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។ តាំងពីពេលនោះ លោកក៏សម្រេចចិត្តប្តេជ្ញាថានឹងចាប់យកជំនាញកងរាជអាវុធហត្ថនេះឲ្យបាន រហូតសម្រេចបំណងដូចសព្វថ្ងៃនេះ។

ពីយុវជនដែលធ្លាប់តែឃើញលោកឪពុកស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ ហើយធ្លាប់មានក្តីស្រមៃចង់ចាប់អាជីពដូចលោកឪពុកដែរនោះ ពេលនេះលោកសម្រេចគោលបំណង និងក្តីប្រាថ្នាហើយ។ យុវជនម្នាក់នេះ គឺជាកូនច្បងរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ដោយមានឈាមជ័រជាមន្ត្រីប្រដាប់អាវុធ នៅឆ្នាំ២០០៨ លោកវរសេនីយ៍ឯក សៀ ទីន បានចូលបម្រើការងារនៅកងរាជអាវុធហត្ថ ហើយនៅឆ្នាំ២០០៩ ចូលសិក្សានៅសាកលវិទ្យាល័យការពារជាតិ។ នៅក្នុងវគ្គនោះ លោកបានដាក់ពាក្យប្រឡងទៅសិក្សានៅ នៅសាលាបណ្ឌិតសភាយោធា ប្រទេសអូស្ត្រាលីរយៈពេល៤ឆ្នាំ។

លោក វរសេនីយ៍ឯក សៀ ទីន ដោយមានការប្ដេជ្ញាចិត្ត តស៊ូមោះមុត និងដោយខ្លួនជាតំណាងប្រទេសកម្ពុជា ក្នុងវគ្គសិក្សា បានជម្រុញអោយរូបលោកតស៊ូជំនះ មិនបោះបង់ចោលក្ដីស្រម៉ៃរបស់ខ្លួន រហូតទទួលបានជោគជ័យដោយបានបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី និងជាបន្តបន្ទាប់ឈានទៅដល់ការបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងប្រទេសអូស្ត្រាលី ក៏ដូចជាវគ្គបញ្ជាការសេនាធិការ នៅក្នុងប្រទេសសិង្ហបុរី ព្រមទាំងបានយកចំណេះជំនាញដែលខ្លួនបានរៀន យកមកចូលរួម អភិវឌ្ឍអង្គភាព អភិវឌ្ឍប្រទេសជាតិ៕




ប្រភព៖ bluemediacambodia.com