ប្រជាកសិករអ្នកដាំស្វាយកែវរមៀត រួមនឹងឧកញ៉ា អ្នកនាំចេញមួយកំពុងព្រួយបារម្ភជាខ្លាំងពីទីផ្សារស្វាយធ្លាក់ចុះ និងគ្មានអ្នកទិញ ខណៈស្វាយកែវរមៀតខ្ចប់មានតម្លៃ ៦០០ ទៅ៧០០រៀលក្នុងមួយគីឡូក្រាម និងស្វាយកែវរមៀតខៀវមានតម្លៃត្រឹម១០០ ទៅ១៥០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។
ល្ងាចនេះប្រមូលផលផ្លែស្វាយកែវរមៀតយកទៅអោយសត្វសុីវិញម្តង ដែលកន្លងទៅពេលនេះយេីងកំពុងតែប្រមូលផលនាំចេញទៅសហគមន៍អឺរ៉ុប ដោយសារតែវិបត្តិកូវិដ-១៩ផ្លែស្វាយធ្លាក់ចុះតម្លៃរហូតដល់ពេលនេះគ្មានអ្នកទិញតែម្តង។ នេះជាការលើកឡើងរបស់ឧកញ៉ា ម៉ុង ឬទ្ធី តាមទំព័រហ្វេសបុក។
លោកបានបន្តថា ចម្ការស្វាយរបស់ខ្ញុំនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យមានចំនួន៥០.០០០ដេីម អាចប្រមូលផលបាន ប្រមាណជា300Ton(បីរយតោន)ជារាងរាល់ឆ្នាំ សម្រាប់ពេលនេះសត្វរបស់ខ្ញុំមិនអាចសុីអស់ទេមានចំនួនច្រើនខ្លាំងណាស់។
ច្រើនខ្លាំងណាស់មិនអាចធ្វើការកែច្នៃកេីតទេ បេីកែច្នៃបានហេីយក៏មិន រំពឹងថា មានទីផ្សារដែរ។ នេះក្នុងការឆ្លើយឆ្លង comment ជាមួយមហាជន។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែកុម្ភៈ បានឲ្យដឹង ចាប់ពីដើមខែកុម្ភៈ តម្លៃស្វាយកំពុងមានបញ្ហាធ្លាក់ចុះ ដោយសារជារដូវប្រមូលផលផ្លែស្វាយនៅកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទើបធ្វើឲ្យបរិមាណស្វាយលើសតម្រូវការទីផ្សារ គួមផ្សំនឹងការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩។ ដើម្បីរក្សាបាននូវស្ថិរភាពតម្លៃសមស្រប និងមានទីផ្សារក្រសួងកសិកម្ម អំពាវនាវឲ្យអ្នកដាំដុះស្វាយទាំងអស់ចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់ការនាំចេញ ងាយស្រួលទទួលបានព័ត៌មានទីផ្សារ សេវាបណ្ដុះបណ្ដាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្ដង់ដារ៕