ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex)។
តាមរយៈកិច្ចព្រមព្រៀងក្របខណ្ឌនេះ នឹងផ្តល់មូលដ្ឋានគ្រឹះនៃកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនYCH ដើម្បីរៀបចំ បង្កើត និងប្រតិបត្តិមជ្ឈមណ្ឌលភ័ស្តុភារកម្ម ភ្នំពេញ(PPLC) ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប លំដាប់ពិភពលោក ធ្វើឱ្យប្រសើរឡើងដល់លំហូរដំណើរការភ័ស្តុភារកម្ម រួមទាំងមានការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សកម្ពុជាក្នុងវិស័យ ភ័ស្តុភារកម្មផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា ភាពជាដៃគូនេះនឹងជួយពង្រឹងសមត្ថភាពកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយប្រទេសឱ្យក្លាយជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់មួយ ហើយនឹងជួយលើកស្ទួយវិស័យដឹកជញ្ជូនកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព មានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់អាស៊ាន និងសកលលោកទាំងតម្លៃ និងសេវាកម្។
គួរបញ្ជាក់ថា គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនេះថា ជាគម្រោងយុទ្ធសាស្រ្តមួយមានទីតាំងស្ថិតនៅចំកណ្តាលប្រទេស ជាមួយនឹងការគាំទ្រពីបណ្តាញផ្លូវ ជុំវិញទីក្រុងភ្នំពេញ ដើរតួនាទីជាចំណុចកណ្តាលសម្រាប់បណ្តាញចែកចាយទំនិញនៅក្នុងប្រទេស និងជា ចំណុចតភ្ជាប់នៃការដឹកជញ្ជូនឆ្លងកាត់ដែលរួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ស្ថិតក្នុង ចម្ងាយ១០គីឡូម៉ែត្រពីទីក្រុង និងអាចបម្រើជាមណ្ឌលដឹកជញ្ជូន និងភ័ស្តុភារកម្មក្នុងតំបន់ផងដែរដោយហេតុថាកម្ពុជាមានទីតាំងភូមិសាស្ត្រឋិតនៅចំកណ្តាលប្រទេសមហាអនុតំបន់ទន្លេមេគង្គ។
លើសពីនេះទៀត មជ្ឍមណ្ឌលភ័ស្តុភារកម្មភ្នំពេញ នឹងជួយឱ្យកម្ពុជាកាត់បន្ថយថ្លៃដើមដឹកជញ្ជូន លើកកម្ពស់ប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ និងការធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិផងដែរ។