តាំងពីបង្កើតមន្ទីរពេទ្យគន្ធបុប្ផាឡើង បានជួយពលរដ្ឋខ្មែរទូទាំងប្រទេសរាប់លាននាក់ ដោយមិនរើសអើសជាតិសាសន៍ ពណ៌សម្បុរ ឋានៈអ្វីឡើយ។ បើទោះបីជាមន្ទីរពេទ្យនេះ បានជួយជ្រោមជ្រែងពលរដ្ឋខ្មែរទូទៅ យើងប្រាកដជាបានស្គាល់ស្ថាបនិកសាងសង់មន្ទីរពេទ្យមួយនេះជាក់ជាមិនខាន។ នៅពេលយើងបានស្គាល់គាត់ យើងនឹងគិតថា កម្រមានបរទេសណាដែលសុខចិត្តលះបង់គ្រប់យ៉ាង និងហ៊ានបូជាជីវិតខ្លួនឯង ដើម្បីស្រោចស្រង់ពលរដ្ឋខ្មែរ។

សូមបញ្ជាក់ផងដែរថា វីរជនបរទេសទាំងពីររូបនេះ បានទទួលមរណភាពហើយ តែពលរដ្ឋខ្មែរនៅចងចាំ និងកោតសរសើរមិនដាច់ពីមាត់ពីភាពលះបង់គ្រប់យ៉ាងរបស់ពួកគាត់។ តោះមកដឹងពីបុគ្គលពីររូបដូចខាងក្រោម៖
១) ប្រវត្តិសង្ខេបវីរបុរស Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា

លោកវេជ្ជបណ្ឌិត Beat Richner កើតនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ១៩៤៧ នៅក្នុងទីក្រុងដ៏ធំបំផុតឈ្មោះ Zurich នៃប្រទេសស្វីស។ លោកទទួលបានសញ្ញាបត្រពេទ្យនៅឆ្នាំ១៩៧៣ ជំនាញផ្នែកថែទាំកុមារនៅមន្ទីរពេទ្យកុមារទីក្រុង Zurich។ បន្ទាប់មកទៀត លោកវេជ្ជបណ្ឌិតបានធ្វើការនៅកាកបាទក្រហមស្វីស ក្រោយមកលោកត្រូវបានគេបញ្ជូនមកកម្ពុជា ដើម្បីធ្វើការនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានៅឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥។

កាលដើមឡើយមន្ទីរពេទ្យនេះមានឈ្មោះថា មន្ទីរពេទ្យសម្តេចនរោត្ដមគន្ធបុប្ផា (១៩៤៨-១៩៥២) ដែលជាឈ្មោះបុត្រីរបស់ព្រះមហាក្សត្រនរោត្តមសីហនុ ដែលបានស្លាប់ទាំងវ័យក្មេង។

នៅពេលរបបប៉ុលពតចូលមកដល់ លោកវេជ្ជបណ្ឌិតបានត្រឡប់ទៅប្រទេសស្វីសវិញ ដើម្បីបន្តការងារនៅក្នុងមន្ទីរពេទ្យដដែលរបស់លោកទៀត។ ក្រៅតែពីជំនាញខាងពេទ្យ លោកវេជ្ជបណ្ឌិតក៏ចាប់អារម្មណ៍លើតន្ត្រីផងដែរ ដូចនេះ លោកវេជ្ជបណ្ឌិតបានហាត់លេងតន្ត្រីផ្នែកវីយូឡុង។ លោកវេជ្ជបណ្ឌិតក៏បាននិពន្ធ និងបោះពុម្ភសៀវភៅតន្រ្តីសម្រាប់កុមារផងដែរដែលមានឈ្មោះថា “Beatocello”។ គួរបញ្ជាក់ផងដែរថា លោកវេជ្ជបណ្ឌិត បានទៅសំដែងនៅប្រទេសជាច្រើនពីផ្នែកតន្រ្តីរបស់លោកផងដែរ។

នៅខែធ្នូ ឆ្នាំ១៩៩១ លោកវេជ្ជបណ្ឌិតបានត្រឡប់មកកម្ពុជាវិញ ក្នុងកំឡុងពេលដែលកម្ពុជានៅមានជម្លោះជាមួយខ្មែរក្រហម និងវៀតណាមនៅឡើយ។ ក្នុងពេលនោះ នាយករដ្ឋមន្រ្តីខ្មែរបានស្នើសុំឱ្យលោកបើកមន្ទីរពេទ្យ និងសាងសង់ឡើងវិញ ដើម្បីបន្តការងារជួយកុមារកម្ពុជាទៀត។ នៅខែមីនា ឆ្នាំ១៩៩២ លោកវេជ្ជបណ្ឌិតបានបង្កើតមូលនិធិ Zurich ក្នុងប្រទេសស្វី រួចត្រឡប់មកសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញនៅកម្ពុជា ដូចនេះ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានបង្កើតឡើងជាថ្មីនៅឆ្នាំ១៩៩២។ ចាប់ពីពេលនោះមក មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានពង្រីកខ្លួនចំនួន ៥សាខា។

សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យគន្ធបុប្ផា មានចំនួន ៥ទីតាំង ដែលមន្ទីរពេទ្យគន្ធបុប្ផាទី១-២ (មន្ទីរពេទ្យគន្ធបុប្ផាទី ២ ត្រូវបានសម្ពោធនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ១៩៩៦) នៅទីក្រុងភ្នំពេញ រីឯគន្ធបុប្ផាទី៣ ស្ថិតនៅខេត្តសៀមរាបនៅឆ្នាំ១៩៩៨។ មន្ទីរពទ្យគន្ធបុប្ផាទី ៤ ត្រូវបានសាងសង់ឡើងនៅខែធ្នូ ឆ្នាំ២០០៥ និងមន្ទីរពេទ្យទី ៥ ត្រូវបានសាងសង់ ដោយបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០០៧។
លោកវេជ្ជបណ្ឌិត Beat Richner
ក្នុងរយៈពេល ២៣ ឆ្នាំចុងក្រោយនេះមន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលអ្នកជំងឺសំរាកពេទ្យចំនួន ១៣ លាននាក់ និងកុមារដែលមានជំងឺធ្ងន់ចំនួន ១,៥៦ លាននាក់ដែលត្រូវការការព្យាបាលនៅមន្ទីរពេទ្យ។ តែគួរឱ្យសោកសៅបំផុត ដែលវីរបុរស Beat Richner បានទទួលមរណភាពកាលពីពេលថ្មីៗនេះ។
២) លោក Christian ស្ថាបនិកអង្គការ PSE (POUR UN SOURIRSD’ENFANT)
ក្នុងឆ្នាំ ១៩៩៥ Christian និង Marie-France des Pallières បានមកបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសកម្ពុជា ក្រោយពេលដែលអ្នកទាំងពីរបានចូលនិវត្តន៍នៅប្រទេសបារាំង។ ប៉ុន្តែមួយថ្ងៃមុនពេលអ្នកទាំងពីរចេញទៅមានក្មេងប្រុសតូចគួរឱ្យអាណិតម្នាក់នៅតាមដងផ្លូវបានបង្ហាញប្រាប់ពីកន្លែងដែលគាត់រស់នៅ។ នេះជាអ្វីដែលអ្នកទាំងពីរបានឃើញកន្លែងចាក់សំរាមដ៏សំខាន់នៅជាយក្រុងរាជធានីភ្នំពេញ ហើយក៏ឃើញកុមារកម្ពុជាច្រើនកំពុងរស់នៅគួរឲ្យអាសូរ។

លោក Christian និងភរិយា Marieមានការតក់ស្លុតយ៉ាងខ្លាំងចំពោះអ្វីដែលបានឃើញហើយក៏ផុសគំនិតមួយគិតថា «អ្នកមិនអាចមើលឃើញរឿងបែបនេះហើយបន្តរស់នៅយ៉ាងមានក្ដីសុខ បែបនេះបានទៀតទេ»។
ក្រោយមកពីរនាក់ប្ដីប្រពន្ធខាងលើក៏បានលះបង់រឿងគ្រប់យ៉ាងទាំងអស់ ដែលនៅពីក្រោយខ្នង ហើយចាប់ផ្ដើមជីវិតថ្មីមួយនៅរាជធានីភ្នំពេញ ក្នុងក្ដីសង្ឃឹមមួយថានឹងមិនឲ្យស្ថានភាពបែបនេះកើតឡើងចំពោះកុមារកម្ពុជាទៀតទេ។ បន្ទាប់មកអ្នកទាំងពីរបានយកប្រាក់កាសសល់ពីការសន្សំទិញអាហារឆ្ងាញ់ៗ និងចាប់ផ្ដើមផ្ដល់ជំនួយជាលើកដំបូងដល់កុមារនៅកន្លែងចាក់សំរាម។

ក្នុងឆ្នាំ១៩៩៦ លោក Christian និងភរិយា ចាប់ផ្ដើមជួលអគារមួយ និងផ្ដល់កន្លែងស្នាក់នៅដល់កុមារតូចៗចំនួន 60 នាក់។ រហូតមកដល់បច្ចុប្បន្ននេះមានសិស្សជាង ៧០០០នាក់ មានអាយុពី៦ ដល់ ២០ឆ្នាំត្រូវបានចុះឈ្មោះចូលរៀននៅក្នុងសាលា PSE ។ នេះបើតាមគេហទំព័រផ្លូវការរបស់សាលាមួយនេះ។
PSE គឺកើតឡើងចេញពីបេះដូង និងមនោសញ្ចេតនា មិនអាចកាត់ថ្លៃបានរបស់ប្ដីប្រពន្ធជនជាតិបារាំងមួយគូនេះ។ អ្នកទាំងពីរបានរៀបការរយៈពេលជាង ៥០ឆ្នាំមកហើយ និងមានកូនពេញវ័យចំនួនបួននាក់។ ប៉ុន្តែគួរឱ្យសោកស្ដាយលោកកChristian បានស្លាប់បាត់បង់ជីវិតទៅហើយដោយជរាពាធ។

សាលាPSE គឺជាអនុស្សាវរីយ៍២០ឆ្នាំចុងក្រោយរបស់អ្នកទាំងពីរ ជំនួសឱ្យការចូលនិវត្តន៍ដ៏សុខសាន្តនៅបារាំង៕
ប្រភព: Den-Sharing