ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានដ៏វិសេសវិសាលនូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ៤០មុឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺ COVID-19។


ព្រះរាជហឫទ័យមហាសប្បុរសធម៌នេះ ក៏បានឆ្លុះបញ្ចាំងពីព្រះរាជតម្រិះដង្ហែតាមជានិច្ចចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះវិស័យសុខាភិបាល ជាពិសេសបញ្ហាសុខភាពរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ ដោយបានកសាងនូវព្រះរាជសមិទ្ធផលជាច្រើនបម្រើឲ្យវិស័យសុខាភិបាលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

កាលពីថ្ងៃទី ១០ ខែធ្នូ ២០២០ កន្លងទៅ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ក៏បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នូវព្រះរាជទានវិភាគទានចំនួន ១លានដុល្លារផងដែរ។

គួរបញ្ចាក់ផងដែរថា នេះជាលើកទី៤ហើយ ដែលព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានជាព្រះរាជទ្រព្យផ្ទាល់ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីត១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសរុបទាំង៤លើក មានចំនួន ៣,៧០០,០០០ ដុល្លារសហរដ្ឋអាមេរិក ៕

ប្រភព៖ Royal du Cambodge