សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លេីកទឹកចិត្តដល់លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា បន្ទាប់ពីបានឃេីញករណីលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា បានបំបៅកូននៅតុការងារតាមផ្លូវក្នុងពេលបំពេញការងារ ត្រូវមេហៅធ្វើកិច្ចសន្យាចំនួនពីរដង។

ក្នុងនាមជាមាតាមួយរូប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការកោតសរសេីរយ៉ាងក្រៃលែងចំពោះ ស្ត្រីជាមាតាគ្រប់រូបដែលបានលះបង់គ្រប់បែបយ៉ាង ដែលក្នុងស្ថានភាពជាស្ត្រី មានភារកិច្ចទទួលខុសត្រូវទ្វេដងលេីសពីបុរស គឺបំពេញការងារស្នូលក្នុងអង្គភាព-ស្ថាប័នផង និងត្រូវចិញ្ចឹមបីបាច់ថែទាំកូនតាំងពីនៅក្នុងផ្ទៃរហូតកេីតមក និងបន្តដល់ពេលពេញវ័យផង និងមិនដែលបោះបង់កូនទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។ នះបើតាមទំព័រហ្វេសបុកខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

នៅថ្ងៃសុក្រ ទី ១២ ខែមីនា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកថវិកា ១០លានរៀល ផ្តល់ជូនដេីម្បីជាការលេីកទឹកចិត្ត និងជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា បានសម្តែងនូវក្តីរំភេីបរីករាយឥតឧបមាបន្ទាប់ពីបានដឹងថា ករណីរបស់លោកស្រីបានជ្រាបទៅដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហេីយថែមទាំងទទួលបានការគិតគូរ យកចិត្តទុកដាក់យ៉ាងកក់ក្តៅ ដែលនេះជាការលេីកទឹកចិត្ត និងផ្តល់តម្លៃយ៉ាងធំធេង ចំពោះស្ត្រីជាមាតាគ្រប់រូប៕

