ព្រះនាងតូច ជេណា យាងចេញមកបដិសេធចំពោះព័ត៌មានថា ព្រះអង្គជាប់ពាក់ព័ន្ធជាមួយលោក កក្កដា សោភ័ណ ដែលមានផ្ទុកជំងឺឆ្លងកូវីដ១៩ កាលពីថ្ងៃទី ១៤ ខែមីនា បន្ទាប់ពីបានទៅចូលរួមពីធីអាពាហ៍ពិពាហ៍កាលពីថ្ងៃទី ១២ ខែមីនា នៅខេត្តតាកែវ។

ព្រះនាង ជេណា មានបន្ទូលលើបណ្តាញសង្គមហេ្វសបុកមុននេះថា “សូមជម្រាបសួរពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់ ដែលព្រួយបារម្ភអំពីខ្ញុំ ក្រោយពីមានការផុសផ្សាយថា លោក កក្តដា សោភ័ណ បានជួបខ្ញុំ។
ខ្ញុំចង់ជម្រាបថា រូបនេះ ថតជិតមួយឆ្នាំមកហេីយ ដែលកាលនោះរូបគាត់បានមកលេងខ្ញុំនៅព្រះដំណាក់មែន តែតាំងពីពេលនោះមកនេះខ្ញុំពុំដែលបានជួបគាត់ទៀតនោះទេ។

ព្រះនាងមានបន្ទូលបន្តថា ខ្ញុំសូមអរគុណណាស់ដែលពុកម៉ែបងប្អូនព្រួយបារម្ភអំពី សុខភាពខ្ញុំ ខ្ញុំនិងក្រុមគ្រួសារពុំបានចេញពីព្រះដំណាក់បេីគ្មានការចាំបាច់នោះទេ ទោះបីជាចេញទៅណាមកណាក៏ពាក់ម៉ាស និងលាងដៃដោយអាល់កុលការពារជាប្រចាំដែរ។

ព្រះនាងបានបញ្ជាក់ថា ខ្ញុំ និងក្រុមគ្រួសារសូមជូនពរដល់បងប្អូនដែលកំពុងមានជំងឺកូវីដទាំងអស់ទាំងសិល្បករ ក៏ដូចជាប្រជាជនដទៃទៀតឆាប់ជាសះស្បេីយឡេីងវិញ ហេីយបងប្អូនទាំងសូមមេត្តារួមគ្នាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណ៍របស់រាជរដ្ឋាភិបាលនៃយេីង។
ជាមួយគ្នាខ្ញុំ និងក្រុមគ្រួសារក៏សូមបួងសួងទេវតាថែរក្សាប្រទេសកម្ពុជា សូមជួយថែរក្សាការពារប្រជាជនខ្មែរ ក៏ដូចជាប្រទសកម្ពុជាទាំងមូលបានជៀសផុតពីជំងឺកូវីដ១៩នេះ អោយបានឆាប់ៗបំផុត៕