អ្នកការសែតជើងចាស់ ដែលសាធារណៈជនទាំងក្នុង និងក្រៅប្រទេសស្គាល់ថា ច្បាស់ថា ជាអ្នករិះគន់មិនសំចៃមាត់លើបណ្ដាញសង្គម លោក ផែង វណ្ណៈ ស្ថាបនិក Pheng Vannak News កាលពីព្រឹកថ្ងៃទី១៥ មីនា ២០២១នេះ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួននូវពាក្យពេចន៍ដ៏ចាក់ដោតប៉ុន្មានឃ្លា ជាការដាស់តឿនដល់ម្ចាស់កម្មវិធីរៀបការទាំងឡាយណាដែលមិនព្រមលះបង់ ឬផ្អាកកម្មវិធីបណ្ដោះអាសន្នសិន ក្នុងស្ថានភាពកូវីដ១៩ ដែលកំពុងរាលដាលសឹងពេញប្រទេសកម្ពុជា។

«ផ្អាករៀបការមិនបានទេ ព្រោះអាចារ្យដេញពេលវេលាបានល្អណាស់ ម្យ៉ាងទៀតបើមិនបានរៀបការខ្លាច…មុនឆ្លងកូវីដ។ ឥលូវល្អហើយ បានទទួលភ្ញៀវមានកូវីដ១៩អញ្ចឹង អោយស្រលះទៅសំរាប់ពួកក្បាលរឹង»។ នេះបើតាមខ្លឹមសារ លោក ផែង វណ្ណៈ បានបង្ហោះជាសាធារណៈលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន។

ការរិះគន់ចំៗនេះ ទំនងជាកើតមានឡើង ក្រោយពេលមានករណីយុវជនម្នាក់ ដែលមានហ្វេសប៊ុក ឈ្មោះ កក្កដា សុភ័ណ្ណ បានបង្ហោះសារថា ខ្លួនបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានកូវីដ១៩ ហើយបានទៅចូលរួមកម្មវិធី និងធ្វើជាអ្នកកំដរការមិត្តភ័ក្តិជិតស្និតរបស់ខ្លួន ស្ថិតនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី១២ មីនា ២០២១។



យ៉ាងណាមិញ មិនមែនតែលោក ផែង វណ្ណៈ ម្នាក់ទេ ដែលសម្ដែងការមិនពេញចិត្ត និងព្រួយបារម្ភខ្លាំង ចំពោះការបន្តរៀបចំកម្មវិធីជួបជុំ ជាពិសេសកម្មវិធីមង្គលការ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្រោមហេតុផងខ្លាចមានករណីអ្នកជំងឺកូវីដដោយមិនដឹងខ្លួន ចូលរួមកម្មវិធីដែរ។ កន្លងមកក៏មានករណីអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ និងអ្នកជំងឺកូវីដ១៩ខ្លួនឯងផ្ទាល់ បានទៅចូលរួមកម្មវិធីការ បងប្អូន មិត្តភ័ក្តិដែរ ដូចជាខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកំពត ហើយភ្ញៀវដែលពាក់ព័ន្ធទាំងអស់ត្រូវឱ្យធ្វើចត្តាឡីស័កជាបន្តបន្ទាប់។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មិនទាន់បានចេញសេចក្ដីជូនដំណឹងរួមផ្លូវការណាមួយ ទាក់ទងនឹងការផ្អាក និងបិទរាល់គ្រប់កម្មវិធីជួបជុំ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនៅឡើយទេ ប៉ុន្តែឃើញមានតែរដ្ឋបាលរាជធានីខេត្ត ភាគតិចប៉ុណ្ណោះ បានប្រកាសផ្អាកគ្រប់កម្មវិធីជួបជុំក្នុងខេត្តរបស់ខ្លួន ដោយសារតែតំបន់នោះ ត្រូបានរកឃើញ ករណីចរាចរណ៍អ្នកមានកូវីដ១៩ លក្ខណៈសហគមន៍៕