ក្រុមហ៊ុន Hong Kong Trade Development Council (HKTDC) ដែលជាក្រុមឈានមុខគេមួយរបស់ហុងកុង បានមកជួបជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្វែងយល់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា។

នេះបើយោងតាមជំនួបពិភាក្សារវាង លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន Hong Kong Trade Development Council (HKTDC)ដោយមានការចូលរួមមន្រ្តីពាក់ព័ន្ធ កាលទី២០ ខែមករា ឆ្នាំ២០២៦។
លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមហ៊ុនខាងលើ បានមកជួបជាមួយក្រសួងសាធារណការ គឺមានគោលបំណងដើម្បីស្វែងយល់ពីសក្តានុពល នៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការដឹកជញ្ជូនតាមផ្លូវទឹក។
លើសពីនេះ ក្រុមហ៊ុននេះ ក៏បានស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ក៏ដូចជាដើម្បីលើកកម្ពស់ការផ្គូរផ្គងអាជីវកម្មក្នុងចំណោមទីផ្សារហុងកុង-កម្ពុជា និងទីផ្សារអន្តរជាតិដទៃទៀតផងដែរ៕ អត្ថបទ៖ហ្សាលីន


