ធនាគារអេស៊ីលីដា បានធ្វើទំនើបកម្មប្រព័ន្ធធនាគារឌីជីថល ដោយចាប់ពីពេលនេះនៅពេលអតិថិជនភ្លេចលេខសម្ងាត់ អាចបបង្កើតលេខសម្ងាត់ថ្មីដោយខ្លួនឯង នៅលើអេស៊ីលីដាម៉ូបាលបានយ៉ាងងាយស្រួលបំផុត។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា បានឱ្យដឹងថា តាមរយៈកម្មវិធីអេស៊ីលីដាម៉ូបាល (App) អតិថិជនមិនបាច់ទៅធនាគារទៀតទេ ក៏អាចបង្កើតលេខសម្ងាត់ថ្មីដោយខ្លួនឯងបាន នៅលើអេស៊ីលីដាម៉ូបាល។
ពីមុនបើភ្លេចលេខសម្ងាត់ អតិថិជនត្រូវទៅជួបអ្នកជំនាញនៅការិយាល័យធនាគារ ដើម្បីស្នើសុំឲ្យជួយដោះស្រាយជូន។ ប៉ុន្តែឥឡូវមិនបាច់ទៀតទេ។
ចូលកម្មវិធីអេស៊ីលីដាម៉ូបាល ជ្រើសរើសមីនុយណាមួយ (ឧទាហរណ៍ គណនី/Accounts) ជ្រើសរើស «ភ្លេចលេខសម្ងាត់/ForgotPIN» បំពេញលេខឯកសារ អត្តសញ្ញាណ ដែលបានចុះឈ្មោះដំបូង បំពេញថ្ងៃខែឆ្នាំកំណើតដែលប្រើនៅពេលចុះឈ្មោះដំបូង បញ្ចូលលេខ OTP ដែលប្រព័ន្ធផ្ញើទៅលេខទូរស័ព្ទចុះឈ្មោះ បន្ទាប់មកបញ្ចូលលេខសម្ងាត់ថ្មីសម្រាប់ចូលប្រើកម្មវិធីអេស៊ីលីដាម៉ូបាល៕