ភាពជាអ្នកដឹកនាំ ការឆ្លុះបញ្ចាំងមួយដ៏លេចធ្លោក្នុងចំណោមនោះ គឺលទ្ធភាពពិសេសដែលអាចជុំរុញ បំផុស បំប៉នអំណាចខាងក្នុង តាមរយៈជំនាញទន់។ មេដឹកនាំជាទូទៅរមែងជាបុរសឬស្ត្រីដ៏មានមន្តស្នេហ៍ មិនចាំបាច់មានរូបសម្រស់ និងមានភាពវាងវៃមិនចាំបាច់បង្ហាញសញ្ញាប័ត្រ។ ពួកគេប្រើចរិតលក្ខណៈដ៏ពិសេស ក្នុងការប្រមូលផ្តុំកងទ័ពឡើងសមរភូមិដោយមិនខ្លាចអ្វីទាំងអស់ ។ នេះជាការលើកឡើងរបស់អ្នកនិពន្ធ ម៉ីសន សុធារី ម្ចាស់សៀវភៅ ពេលវេលា។

អ្នកស្រី ម៉ីសន សុធារី បានថ្លែងថា “កុំគិតថា មេដឹកនាំត្រូវតែមានថានៈខ្ពស់ជាង! ជួនកាលអ្នកមានថានៈទាបជាងខ្ញុំក្នុងរចនាសម្ព័នផ្លូវការ បានក្លាយជាអ្នកជុំរុញទឹកចិត្ត និងដឹកនាំគោលដៅធំៗដែលអាចឱ្យខ្ញុំជឿតាម ហើយទីបំផុតទៅខ្ញុំក៏ទទួលបានជោគជ័យ”។

បើតាមអ្នកនិពន្ធល្បីកំពុងមានឈ្មោះបោះសំឡេងរូបនេះ នឹងក្លាយជាមេដឹកនាំពិតប្រាកដម្នាក់ៗ សូមពិចារណាលើចំណុចទាំងនេះដែលពិតជាមានប្រយោជន៍ហួសស្មានក្នុងបទពិសោធន៍ការងារម្ភៃឆ្នាំរបស់គាត់៖
-ក្រមសីលធម៌វិជ្ជាជីវៈ ការគោរពត្រូវការដាំដុះដោយការគោរព។ គោរពអតិថិជន មិត្តអ្នកអានរបស់យើង ឱ្យតម្លៃខ្ពស់លើទំនុកចិត្ត ការកុហក បន្លំជាថ្នាំពុល។
-សុបិនតែកុំរវើរវាយ ភាពប្រាកដនិយមមានឥទ្ធិពលខ្លាំងណាស់ក្នុងការធ្វើឱ្យក្តីសុបិនរបស់យើងសម្រេចឬមិនដែលក្លាយជាការពិត។ កុំស្តាប់ទ្រឹស្តីហើយក្រពុលមុខបញ្ចាំស្រែចម្ការទៅធ្វើតាមគេ ។ ទ្រឹស្តីនានាបត់បែនតាមដំណើរនៃស្ថានភាពដែលយើងកំពុងជួប ។
-មិនសន្យាងាយ យើងទាំងអស់គ្នាចង់ធ្វើបានការងារនិមួយៗឱ្យល្អប្រសើរនៅពេលបន្ទាប់ៗជានិច្ច! កុំស្តាប់សន្យាឬកុំពូកែត្រឹមតែសន្យា យើងធ្វើការជាមួយគ្នា ទទួលយកភាពខុសគ្នា ពង្រឹងគុណតម្លៃ ប្រឹងអស់ពីលទ្ធភាព នោះហើយជាពាក្យសន្យាពិត។
-ទទួលខុសត្រូវ ប្រជាធិបតេយ្យមិនត្រឹមតែអំពីសេរីភាពនៃការធ្វើនិងនិយាយទេ តែជាលទ្ធិនៃទំនួលខុសត្រូវ។ កុំយកភាពអនាធិបតយ្យមកបង្កើតប្រជាធិបតេយ្យ ព្រោះវាគ្រាន់តែជាល្បែងនយោបាយតែប៉ុណ្ណោះ។ ល្បែងនេះបើប្រលាក់ដៃបញ្ញវន្ត ក៏កខ្វក់ជាងភក់លើបាតជើងស្មូមយាចកទៅទៀត។
-និយាយមិនបង្វែង និយាយឱ្យបានដំណោះស្រាយកុំនិយាយព្រោះតែល្អស្តាប់។ កុំនិយាយព្រោះត្រូវនិយាយតែនិយាយព្រោះវាអាចជួយឱ្យអ្វីមួយប្រសើរឡើង។
-មានតុល្យភាព ជីវិតល្អ ត្រូវមានច្រកចេញ ផែនការល្អមួយត្រូវមានជម្រើសសាគួរ មនុស្សល្អម្នាក់ ត្រូវការស្តាប់គំនិតច្រើន។
-សុទិដ្ឋិនិយម មានតែសុទិដ្ឋិនិយមប៉ុណ្ណោះ អាចជួយយើងឱ្យក្លាយជាមេដឹកនាំម្នាក់បាន។ ចំណុចប៉ុន្មានខាងលើ នឹងរលាយខ្សុលបានប្រសិនអ្នកមានទាំងអស់ ប៉ុន្តែជាមនុស្សអគតិ។ រក្សាសុខភាពផ្លូវចិត្ត ព្រោះនេះជាសក្តានុពលកំពូល នៃជីវិតមនុស្សយើងម្នាក់ៗ។

សូមបញ្ចាក់ថា អ្នកនិពន្ធ ម៉ីសន សុធារី ជាម្ចាស់សៀវភៅ «ពេលវេលា» «ការឈឺចាប់» ប្រលោមលោក «ស្ទូឌីយោលេខ៧» «អាគមបរព្រៃ» ល្ខោនវិទ្យុ «ស្នាមសាក់រូបខ្លា» រឿង «កំណាត់ផ្លូវចុងក្រោយ» ភាពយន្ត «ស្រទន់មន្តស្នេហ៍» «ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់» ក៏ជាអ្នកនិពន្ធ និងជាអ្នកសារព័ត៌មានស្ត្រីដ៏លេចធ្លោម្នាក់ និងមានកេរ្តិ៍ឈ្មោះ ធ្លាប់គ្រប់គ្រងផ្នែកផលិតនៅមណ្ឌលព័ត៌មានស្ត្រីកម្ពុជា, Sabay digital ជាទីប្រឹក្សាផ្នែកឃោសនា ឲ្យទូរទស្សន៍ភីអិនអិន និងបច្ចុប្បន្នជាអ្នកនិពន្ធឯករាជ្យមួយរូបនៅកម្ពុជា៕

