សាលាគណៈសង្ឃខេត្តសៀមរាប ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសពីបទប្រមាថសមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាបរបស់លោក ផែង វណ្ណៈ សំណើរនេះត្រូវបានធ្វើឡើងបន្ទាប់ពី លោក ផែង វណ្ណៈ បានផ្សាយផ្ទាល់តាមផេករបស់លោកថា “បើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្ដឹងទេ ខ្ញុំទៅបាញ់ចោលតែម្ដង”។

ភរិយារបស់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន គឺលោកជំទាវ អ៊ូ ធីតាពៅ បានបង្ហោះលើទំព័រហ្វេសបុកនៅរសៀលនេះថា “ខ្ញុំថាមិនចង់និយាយទេ តែ! លោកប្រើពាក្យពេជ្រធ្ងន់ធ្ងរលើសលភ់ពេកហើយក្នុងនាមខ្ញុំជាអ្នកដែលគោរពព្រះពុទ្ធ ខ្ញុំទទួលយកមិនបានទេ”។

លោកជំទាវបន្តថា លោកដែលហារមាត់ថា គេអត់មានមេត្តា សួរខ្លួនឯងមើលៗថា តើរាល់ថ្ងៃហ្នឹងលោកមានមេត្តាស្មើរនឹងបុគ្គលដែលលោកដៀលកប់កប់មាត់ហើយនៅ? លោកយកអីមកប្រមាថបុគ្គលគួរជាទីគោរព ចុះទង្វើ និងចិត្តលោកវិញ លោកមានដែលបានយកពេលមកមើលខ្លួនលោកទេ?

លោកជំទាវបានឆោទសួរថា តើចិត្តគំនិតនិងទង្វើពាក្យសម្តីលោករាល់ថ្ងៃហ្នឹងបរិសុទ្ធប៉ុណ្ណា មុននឹងយកពេលមកឡាយតាមការគិតរបស់លោកតែម្នាក់ឯង ឬគ្នាលោកតែមួយផ្នែកតូច។

សូមរំលឹកថា ករណីផ្ទុះក្នុងបណ្ដាញសង្គម facebook នេះថាមានករណីអំពើហិង្សានៅក្នុងវត្តរាជបូណ៌ ដោយព្រះចៅអធិការវត្តព្រះនាម ពិន សែម ព្រះជន្ម៨០វស្សា ទៅលើសិស្សគណរបស់លោក ដែលបានកើតឡើងកាលពីថ្ងៃថ្ងៃទី១៤ ខែមីនាឆ្នាំ២០២១ ស្ថិតក្នុងវត្តរាជបូណ៌ ដែលស្ថិតនៅភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប៕