ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាបណ្ណ គេហទំព័រ Peng Vannaknews របស់លោក ផែង វណ្ណៈ បន្ទាប់ពីម្ចាស់គេហទំព័រម្នាក់នេះ ជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលបានតំកល់ទុកនៅក្រសួងព័ត៌មាន។

នៅថ្ងៃទី១៧ ខែមីនា សាលាគណៈសង្ឃខេត្តសៀមរាប ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសពីបទប្រមាថសមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាបរបស់លោក ផែង វណ្ណៈ សំណើរនេះត្រូវបានធ្វើឡើងបន្ទាប់ពី លោក ផែង វណ្ណៈ បានផ្សាយផ្ទាល់តាមផេករបស់លោកថា “បើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្ដឹងទេ ខ្ញុំទៅបាញ់ចោលតែម្ដង”។

សូមរំលឹកថា ករណីផ្ទុះក្នុងបណ្ដាញសង្គមហ្វេសបុកនេះ មានករណីអំពើហិង្សានៅក្នុងវត្តរាជបូព៌បានកើតឡើងកាលពីថ្ងៃថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងវត្តរាជបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាបន ខេត្តសៀមរាប។

រឿងនេះដែរមហាជនខ្លះបានសម្ដែងការគាំទ្រចំពោះចំណាត់ការរបស់ព្រះចៅអធិការវត្តរាជបូណ៌ទៅលើព្រះសង្ឃដែលមិនគោរពវិន័យ។ រីឯមហាជនខ្លះ ក៏បានរិះគន់យ៉ាងចាស់ដៃថាក្នុងនាមជាព្រះសង្ឃមិនគួរធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរបែបនេះទេ៕