វីដេអូអំពើហិង្សា ទៅលើសាមណេរចំនួន ៩អង្គ ដោយវាយនឹងរំពាត់ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមបន្តចែកចាយ ដែលធ្វើឲ្យមានការប្រតិកម្មជាខ្លាំងពីសាធារណជន។ ខណៈ អ្នកខ្លះគាំទ្រចំពោះទង្វើធ្វើទារុណកម្មរបស់ព្រះសង្ឃថា ជាការដាក់ពិន័យ និងមួយចំនួនទៀតមិនគាំទ្រដែលទាមទាររកយុត្តិធម៌ដល់សាមណេរ ដែលបានរងនូវអំពើហិង្សានោះ។

ចំណោទនេះ ត្រូវបានមហាជនជជែកវែកញែក កាត់ក្តី និងមានអ្នកមួយចំនួន បានជេរប្រមាថដល់ព្រះសង្ឃអង្គនោះរួមនឹងមន្រ្តីពាក់ព័ន្ធផ្សេងទៀត នៅតាមបណ្តាញសង្គម ដោយគ្មានសិក្សាមូលដ្ឋានច្បាប់សាសនា និងច្បាប់រដ្ឋជាមុន។
តើការជេរបញ្ចោរទៅលើអ្នកបួស អាចនាំឲ្យរលាយព្រះពុទ្ធសាសនាដែរឬទេ? ការគំរាមធ្វើគត ការជេរប្រមាថចំពោះ ព្រះសង្ឃ តាជី និងដូនជី ត្រូវជាប់ទោសបែបណា?

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ដែលជាព្រះសង្ឃសិក្សាបានជ្រៅជ្រេះក្នុងផ្នែកពុទ្ធចក្រ មានសង្ឃដីកាថា ការជេរបញ្ចោរទៅលើអ្នកបួស អាចនាំឲ្យរលាយព្រះពុទ្ធសាសនា គឺមិនអាចទេ ព្រោះព្រះពុទ្ធសាសនាថ្លៃថ្លាជានិច្ច ព្រះពុទ្ធសាសនាមិនមែនអ្នកបួសទេ អ្នកបួស គ្រាន់តែជាសមាជិកដែលរាប់បញ្ចូលថា ជាអ្នកគោរពព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។
ព្រះអង្គបានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនា សំដៅដល់ធម៌និងវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងទុកជាគន្លង សម្រាប់សាវកសិក្សា និងប្រតិបត្តិ ដែលសរុបមកមាន៣ចំណុចគឺ ១-កិរិយាមិនធ្វើនូវបាបទាំងពួង (សេចក្តីអាក្រក់គ្រប់បែបយ៉ាង) ២- កិរិយាបំពេញកុសល (សេចក្តីល្អ) ៣-ការជម្រះចិត្តឲ្យស្អាតបរិសុទ្ធ (លះកិលេស) ។
បើតាមព្រះភិក្ខុ សាន សុជា ការជេរប្រមាថ ត្រូវផ្ទៀងផ្ទាត់ទៅលើសីលធម៌សង្គម និងច្បាប់រដ្ឋ តាមន័យធម៌ ត្រូវផ្ទៀងផ្ទាត់ទៅលើកម្មបថ។ បើផ្ទៀងផ្ទាត់ទៅឃើញថា ជាអកុសលកម្មបថ ទោសតែងធ្លាក់ទៅលើអ្នកជេរ មិនអាចធ្លាក់ទៅលើអ្នកដែលត្រូវគេជេរទេ។
ព្រះអង្គបានបញ្ជាក់បន្ថែមថា សម័យនេះ មិនទាន់មានអ្នកពូកែជេរដូចសម័យព្រះពុទ្ធគង់នៅ នៅឡើយទេ ប៉ុន្តែកាលនោះគេកាន់តែជេរ ព្រះពុទ្ធសាសនាកាន់តែរីកចម្រើន វិន័យសិក្ខាក៏កាន់តែមានរបៀបរៀបរយដែរ។ សិក្ខាបទភាគច្រើន កើតឡើងដោយសារមានអ្នករិះគន់។ យើងមើលខ្នងខ្លួនឯងមិនឃើញ មានគេជួយថាក៏ល្អដែរ។

ក្រឡែកមកមើលលើច្បាប់រដ្ឋវិញម្តង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយការប្រព្រឹត្តណាមួយមិនគប្បីដល់សាសនា ព្រះសង្ឃ ដូនជី និងតាជី ដូចជាគំរាមធ្វើគត ការជេរប្រមាថ នឹងត្រូវមានទោស។
មាត្រា ២៣៣ បទគំរាមកំហែងថា នឹងសម្លាប់ ការគំរាមកំហែងថា នឹងសម្លាប់ កាលបើការគំរាមកំហែងនេះធ្វើឡើងម្តងហើយម្តងទៀត ឬសម្តែងចេញមកតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែដល់២ឆ្នាំ និងពិន័យជាប្រាក់ ១លានរៀល ទៅ ៤លានរៀល។
មាត្រា ៥០២ បទប្រមាថ ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុ ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអ្នករាជការសាធារណៈ ឬបុគ្គលទទួលអាណត្តិសាធារណៈ ដោយបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ មួយថ្ងៃដល់ប្រាំមួយថ្ងៃ និងពិន័យជាប្រាក់ពី ១០០០រៀល ដល់ ១០ម៉ឺនរៀល។

មាត្រា ៥១៦ ដែលបានចែងពីបទប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី ការប្រមាថដូចបញ្ញាត្ត ក្នុងកថាខណ្ឌទី១ នៃមាត្រា ៥០២ (បទប្រមាថ) ក្រមនេះ ដែលប្រព្រឹត្តឡើងចំពោះព្រះសង្ឃ ដូនជី ឬតាជី នៅក្នុងក្របខណ្ឌនៃមុខងារ ឬក្នុងឱកាសនៃការបំពេញមុខងារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយថ្ងៃ ដល់ទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី១ពាន់រៀល ដល់១សែនរៀល៕