ក្រសួងកសិកម្ម បាននិងកំពុងអនុវត្តគម្រោងស្តីពី “ការបង្កាត់គោដោយសិប្បនិម្មិត”

សង្គម​ និង​សេដ្ឋកិច្ច

វិស័យផលិតកម្មសត្វ មានការវិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារ វិស័យគ្រឿងយន្តកសិកម្ម ធន់ស្រាល និងធន់ធ្ងន់ បានចូលមកបំពេញតួនាទីនៅក្នុងវិស័យផលិតកម្មដំណាំស្រូវ ដំណាំចម្ការ និងបន្លែ ជំនួសឲ្យកំលាំង គោ និងក្របី វិញ ហើយម្ចាស់គោ-ក្របីបានបង្វែរទិសដៅពីការចិញ្ចឹមដើម្បីប្រើប្រាស់ជាកំលាំង ទៅជាការចិញ្ចឹមបំប៉នក្នុងកសិដ្ឋានដើម្បីយកពូជ និងសាច់សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 6 people and people standing

ក្នុងការអភិវឌ្ឍន៍វិស័យផលិតកម្មគោ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុនបានចង្អុលបង្ហាញ និងផ្តល់អនុសាសន៍ឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវរៀបចំផែនការសកម្មភាពធ្វើការកែលម្អពូជគោ ដោយត្រូវជ្រើសរើសពូជគោ ល្អៗមកបង្កាត់ ធ្វើយ៉ាងណាឲ្យស្របតាមតម្រូវការសាច់ និងផលិតផលសាច់ ធានាបាននូវគុណភាព និងសុវត្ថិភាព។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននិងកំពុងអនុវត្តគម្រោងស្តីពី “ការបង្កាត់គោដោយសិប្បនិម្មិត” ដោយប្រើប្រាស់ទឹកមេជិវិតគោបង្កកនាំចូល និងផលិតក្នុងស្រុក ដែលគម្រោងនេះបានគ្របដណ្តប់លើខេត្តគោលដៅចំនួន ១២ មានខេត្ត៖ ពោធិ៍សាត់ តាកែវ ព្រៃវែង កំពង់ចាម កំពង់ស្ពឺ បាត់ដំបង ឧត្តមានជ័យ កំពង់ឆ្នាំង សៀមរាប កំពង់ធំ បន្ទាយមានជ័យ និងខេត្តស្ទឹង ត្រែង។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី១៨ ខែមីនា។

May be an image of animal

អគ្គនាយកដ្ឋានបានឲ្យដឹងថា សម្រាប់ការងារសំខាន់ៗចំនួន ៣ ដែលត្រូវអនុវត្តចំពោះមុខគឺ៖
១- បន្តពង្រឹង និងពង្រីកបច្ចេកទេសបង្កាត់សិប្បនិម្មិតគោបន្ថែម (ការបង្កាត់ ការធ្វើឲ្យរកឈ្មោលក្នុងពេលតែមួយ ការពិនិត្យ ឬស្ទាប់មើលគ័រ ការធ្វើអេកូ ការព្យាបាលជំងឺប្រដាប់បន្តពូជ) និងគ្រោងអនុវត្តបច្ចេកទេស Embryo-Transfer និងពង្រឹងការកែច្នៃទឹកមេជីវិតគោ និងការវិភាគសេនទិច។

២- បង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយដល់កសិករអំពីសុខភាពគោ (ញី ឈ្មោល) ផល ប្រយោជន៍នៃការបង្កាត់សិប្បនិម្មិត សរីរវិទ្យានៃប្រព័ន្ធបន្តពូជ និងអាការ: ឬសញ្ញាណនៃការរកឈ្មោល ពេលវេលាដែលត្រូវបង្កាត់។ល។

៣- ពង្រឹកវិសាលភាពនៃការបង្កាត់ ការកែច្នៃទឹកមេជីវិត ការផលិតទឹកអាសូត និងពង្រីកគោលដៅនៃការងារឲ្យបានទូទាំង ២៤ រាជធានី ខេត្ត៕