គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនានេះ បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ៥ ដែលបោះទុនវិនិយោគប្រមាណជាង ៤៧លានដុល្លារ ក្រុមហ៊ុនវិនិយោគទាំងនោះរួមមាន៖
១. YUAN SHUO (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំទ្បើងសម្ភារៈអេទ្បិចត្រូនិក និងគ្រឿងបន្លាស់អេទ្បិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣២កន្លែង។

២. SCHNEITIC CHINT CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំទ្បើងគ្រឿងសម្ភារៈអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២កន្លែង។

៣. XIN WEI JIE CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥៩កន្លែង។

៤. GREEN SUSTAINABLE VENTURES (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព 20MW ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ១៧,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥០កន្លែង។

៥. FIRST AQUATIC INDUSTRIAL CO., LTD. គម្រោងបង្កើតវារីវប្បកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង៕
