នៅអាស៊ាន​មាន​តែ​ប្រទេស ៨ អាច​ផលិត​ប្រេង​បាន​ ហើយ​ក៏​មាន​កម្ពុជា​មួយ​ដែរ

សង្គម​ និង​សេដ្ឋកិច្ច

ក្រៅពីឡាវ និង​សិង្ហបុរី ប្រទេស ៨ ទៀត នៅ​ក្នុង​តំបន់​អាស៊ាន​ មាន​សមត្ថភាព​អាច​ផលិតប្រេង​បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្ពុជា​បានក្លាយ​ជា​ប្រទេស​ផលិត​ប្រេង​មួយ​នៅលើ​ពិភពលោក និង​ជា​ប្រទេស​ទី​ ៨ ក្នុង​តំបន់​អាស៊ាន (​លើកលែង​ប្រទេស​ឡាវ និង​សិង្ហបុរី​) ​បន្ទាប់ពី​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន KrisEnergy Ltd របស់​សិង្ហបុរី​បាន​ទាញយក​តំណក់​ប្រេង​ជា​លើកដំបូង​ក្នុង​ប្លុក A ពី​បាសាំង​ខ្មែរ​កាលពី​ថ្ងៃទី​ ២៨ ខែធ្នូ​។

តំណក់​ប្រេង​លើក​ដំបូង​របស់​ប្រទេស​កម្ពុជា​ បានទាញ​ចេញពី​​តំបន់​សម្បទាន​ប្លុក​ A ដែល​បាន​ចាប់ផ្ដើម​ផលិតកម្ម​កាលពី​ថ្ងៃទី​ ២៨ ធ្នូ ឆ្នាំ​ ២០២០​។

សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រីកាលពី​ថ្ងៃទី​ ២៩ ខែធ្នូ​ ២០២០ បានប្រកាស​ថា ការចាប់​ផ្ដើម​ផលិតកម្ម​ប្រេង​ដំបូង​ក្លាយជា​សមិទ្ធផល​ថ្មី​មួយទៀត និង​ជា​ពរជ័យ​សម្រាប់​ការ​ចូលរួមអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។​

ក្រុមហ៊ុន KrisEnergy របស់​សិង្ហបុរី ដែល​ជា​ក្រុមហ៊ុន​រុករក​ប្រេង​និង​ឧស្ម័ន​បាន​ដំណើរការ​អណ្តូង​បូមប្រេង​ឆៅ​ចំនួន ៤ បន្ថែម​ទៀត​កាល​ពី​ចុង​ខែ​កុម្ភៈ។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង ​ថាមពល ប្រាប់​កាសែតក្នុងស្រុកថា ក្រុមហ៊ុន​នេះ​បាន​ដំណើរ​ការ​អណ្តួង​បូម​ប្រេង​ចំនួន ៤ បន្ថែម​ទៀត​នៅ​តំបន់​ប្រេង​អប្សរា​ក្នុង​ប្លុក A នៃ​បាសាំង​ខ្មែរ បន្ទាប់​ពី​អណ្តូង​ទី​១ បាន​ដំណើរ​កាល​ពី​ថ្ងៃ​ទី ២៨ ខែធ្នូ ឆ្នាំ​មុន។

ការ​ដំណើរ​ការ​អណ្តូង​ប្រេង​ទាំង ៥ នេះ កម្ពុជា​អាច​ផលិត​ប្រេង​បាន​ចំនួន ៧ ៥០០ បារ៉ែល​ ក្នុង ១ថ្ងៃ។

បើ​តាម​លោកជៀប សួរ ប្រសិនបើ អណ្តូងទាំង ៥ នេះ ដំណើរការ​ល្អនឹង​ធ្វើ​ការ​ខួង​អណ្តួង​បន្ថែម​ជា​បន្ត​បន្ទាប់ ទៅ​តាម​ផែនការ​៕