ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ ដោយចាប់ពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១នេះតទៅ។
ថ្លែងក្នុងដំណើរចុះត្រួតពិនិត្យគម្រងស្ថាបនាស្ពានឆ្លងកាត់ស្ទឹងត្រង់-ក្រូចឆ្មារ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួន មានប្រសាសន៍ថា “តាមគម្រោងស្ពាននេះត្រូវបញ្ចប់នៅខែឧសភា ឆ្នាំ ២០២១ ប៉ុន្តែក្រុមហ៊ុនបានពន្លឿនការសាងសង់បានបញ្ចប់មុនកាលកំណត់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋឆ្លងកាត់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ”។
ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ដែរថា ស្ពាន ១កន្លែង នេះ មានទំហំបណ្ដោយប្រវែង ១.១៣១ម និងទទឹង ១៣,៥០ម ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ដោយគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨លានដុល្លារសហរដ្ឋអាមេរិកក្រោមហិរញ្ញប្បទានពីរាជរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕