ដំណឹងដ៏អកុសលមួយទៀត បានកើតឡើងលើ តារាចម្រៀង វី ឌីណែត និងក្រុមគ្រួសារ ខណៈដែលទើបតែបាត់បង់ម្ដាយជាទីគោរពស្រលាញ់ ដោយសារកូវីដ-១៩ ស្រាប់តែថ្ងៃនេះ ទទួលដំណឹងថ្មីថា បងស្រីបង្កើតរបស់កញ្ញា ដែលកំពុងតែពពោះកូនក្នុងផ្ទៃបាន ៧ខែ ពិនិត្យឃើញថា វិជ្ជមានកូវីដ១៩ម្នាក់ទៀត។

បងស្រីបង្កើតរបស់កញ្ញា វី ឌីណែត ឈ្មោះ វី ឌីណា គឺជាអ្នកវិជ្ជមានកូវីដ១៩ម្នាក់ ក្នុងចំណោម អ្នកតេស្តរកឃើញថា វិជ្ជមាន ៤នាក់ ដែលធ្វើការនៅ ក្នុងហាងកែសម្ផស្សមួយកន្លែងឈ្មោះថា Master Care Cambodia ដែលមានទីតាំងនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយត្រូវបានប្រកាសលទ្ធផល កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ។

អ្នកជំងឺទាំង ៤ នាក់ (បងស្រីកញ្ញា វី ឌីណែតម្នាក់) ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke ហើយ។ កញ្ញា វី ឌីណែត គឺជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាកូនស្រីបង្កើត របស់តារាចម្រៀងជើងចាស់ ហួរ ឡាវី ដែលទើបតែបាត់បង់អ្នកម្ដាយ ជាទីគោរពស្រលាញ់កាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារកូវីដ១៩៕
