បើទោះបីស្ថានភាពកូវីដ១៩ មិនទាន់បិទបញ្ចប់យ៉ាងណាក៏ដោយ ក្រុមហ៊ុន អេហ្គ្រី ម៉ាស្ទ័រ ខូអិលធីឌី ជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅកម្ពុជា កំពុងដំណើរការអាជីវកម្មផលិតចំណីសត្វ មានដូចជា៖ ចំណីមាន់ ទា ជ្រូក គោ និងចំណីត្រី ដោយបានដាក់ទុនវិនិយោគសរុបចំនួន ១៧,៣ លានដុល្លារ ដែលមានទីតាំងនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
យោងលើតម្រូវការចាំបាច់នៅលើទីផ្សារនៃផលិតកម្មចំណីសត្វ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនផលិត និងលក់ចំណីសត្វបានសរុបចំនួន ១១៨ ៥០០តោន ក្នុងនោះមាន៖ ចំណីមាន់សាច់ ៩ ០០០តោន, ចំណីមាន់ស្រុក ២៨ ០០០តោន,ចំណីមាន់យកពង ១០ ០០០តោន, ចំណីជ្រូក ២៣ ០០០តោន ចំណីគោ ៧ ៥០០តោន ចំណីត្រី ៧ ០០០តោន និងចំណីទា ៣៤ ០០០តោន។ នេះតាមរបាយការណ៍ របស់ក្រុមហ៊ុនកាលពីថ្ងៃទី២២ ខែមីនា បានបញ្ជាក់ឲ្យដឹង។
ទន្ទឹមនឹងនេះ ដើម្បីចូលរួមចំណែកបង្កើនការកែឆ្នៃផលិតផលកសិកម្មក្នុងស្រុក សម្រាប់ឆ្នាំ២០២០ ក្រុមហ៊ុនបានប្រមូលទិញវត្ថុធាតុដើមសរុបចំនួន ៥៧ ៨០០តោន ក្នុងនោះមាន៖ ពោត ២០ ០០០តោន, សណ្តែកសៀង ១២ ០០០តោន, ដំឡូងមីស្ងួត ៦ ០០០តោន, ចុងអង្ករ ១ ៨០០តោន, កន្ទក់ ១៤ ៤០០តោន, ថ្មកំបោរ ៣ ០០០តោន, និងម្សៅត្រី ៦០០តោន។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានស្នើសុំគោលការណ៍នាំចូលវត្ថុធាតុដើមផ្សំចំណីសត្វមួយចំនួនទៀតផងដែរ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានបរិមាណសរុបចំនួន ៦៦ ៩៩៦តោន។
បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិក និងកម្មករ សរុបចំនួន ២៥០នាក់ (ស្រ្តី ៥០) មានជំនាញគណនេយ្យ ពេទ្យសត្វ គ្រប់គ្រង ទីផ្សារ អគ្គីសនី មេកានិច កម្មករ អ្នកវេច្ចខ្ចប់ និងអ្នកបញ្ចេញទំនិញ។ ដោយសារកំណើនផលិតកម្មចិញ្ចឹមសត្វមានការកើនឡើង ធ្វើឲ្យកំលាំងផលិតក្នុងឆ្នាំ ២០២០ កើនឡើង ៣០% បើធៀបទៅឆ្នាំ២០១៩ ហើយប្រាកដណាស់ កំណើននេះនឹងនៅតែ បន្តសម្រាប់ឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់៕