អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី ២៣មីនានេះ ថា ស្ត្រីម្ចាស់សែកស្អុយជាង ២ លានដុល្លារ ត្រូវបានចៅក្រមសើបសួរ លោក កូយ សៅ ចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ថោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ « មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ជួញដូរបាន » ។

ជនសង្ស័យដែលត្រូវតុលាការសម្រេចឃុំខ្លួន មានឈ្មោះ លី ស៊ីវហ៊ុង អាយុ៣៣ឆ្នាំ មុខរបរជាពាណិជ្ជករនាំសម្ភារៈគ្រឿងតុបតែងផ្ទះបាយ មកពីប្រទេសកូរ៉េ នឹងមានអាស័យដ្ឋានស្នាក់នៅភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមពាក្យបណ្តឹងបានបញ្ជាក់ថា ជនរងគ្រោះបានស្គាល់ឈ្មោះ លី ស៊ីវហ៊ុង តាមរយៈមិត្តភក្ដិរយៈពេលជាង៥ឆ្នាំ ។ លុះអំឡុងខែតុលា ឆ្នាំ២០១៧ ឈ្មោះ លី ស៊ីវហ៊ុង ក៏បានទៅរកខ្ចីប្រាក់ដើមបណ្តឹងចំនួន៤០ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុនវិយោគ បន្ថែមលើមុខរបរនោះ។ ជាង៥ឆ្នាំកន្លងមកនេះ ដោយយល់ឃើញថា លី ស៊ីវហ៊ុង ជាមនុស្សរាប់អានគ្នា នឹងពាណិជ្ជករម្នាក់គួរឲ្យជឿទុកចិត្ត លើមុខជំនួញរបស់គាត់ ទើបដើមបណ្តឹងសម្រេចចិត្តឲ្យឈ្មោះ លី ស៊ីវហ៊ុង ខ្ចីប្រាក់។
លុះដល់អំឡុងឆ្នាំ២០២០ ឈ្មោះ លី ស៊ីហ៊ុង បានទៅសុំខ្ចីប្រាក់ពីជនរងគ្រោះជាង១លាន(១៥៥.៥៩៧.១) ដុល្លារអាមេរិកទៀត ពេលនោះជនរងគ្រោះក៏យល់ព្រមឲ្យខ្ចីដែរ ដែលជនសង្ស័យបានអះអាង ធ្វើកិច្ចសន្យាធានា នឹងទទួលស្គាល់លើបំណុលទាំងអស់នោះផងដែរ។

បន្ទាប់មកឈ្មោះ លី ស៊ីវហ៊ុង ចេះតែទៅខ្ចីប្រាក់ពីដើមបណ្តឹងបន្តទៀត ដែលបំណុលចាស់មិនទាន់បានសងមកវិញផង សរុបទាំងបំណុលថ្មីប្រមាណជាង២លាន(២១២.៥២០. ០)ដុល្លារអាមេរិក ខណៈពេលនោះជនសង្ស័យក៏បានចេញមូលប្បទានប័ត្រ(សែក)ចំនួន១៣សន្លឹក ឲ្យជនរងគ្រោះទៅបើកនៅធនាគារមួយ នឹង២សន្លឹក ទៅបើកនៅធនាគារមួយទៀត ដោយបានកំណត់ថ្ងៃខែត្រឹមត្រូវ ដែលសែកនីមួយៗ មានដាក់ចំនួនទឹកប្រាក់ខុសៗ គ្នា នឹងកាលបរិច្ឆេទឲ្យទៅបើកប្រាក់នោះក៏ខុសថ្ងៃខែគ្នាដែរ ។ លុះដល់ថ្ងៃកំណត់ជនរងគ្រោះបានយកសែកទាំង១៥ សន្លឹក ដែលចេញដោយឈ្មោះ លី ស៊ីហ៊ុង នោះ ទៅបើកនៅធនាគារ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថា មូលប្បទានប័ត្រទាំងនេះពុំមានសាច់ប្រាក់ទេ ពោលគឺជាសែកស្អុយទាំងអស់៕
ប្រភព៖ កម្ពុជាថ្មី