«ឡាន ផ្ទះ ព្រមទាំងទ្រព្យផ្សេងទៀត ដែលខ្ញុំមានបច្ចុប្បន្ននេះ គឺជាចំណែកធំមួយ របស់បងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោកជំទាវ ដែលផ្ដល់ឪកាសឲ្យខ្ញុំធ្វើការជាមួយ»។ នេះជាខ្លឹមសាររៀបរាប់ទាំងក្ដុកក្ដួលរបស់លោក សារឿន ជីវុធ ភ្នាក់ងារលក់អចលនទ្រព្យឆ្នើមរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោក។

នេះមិនមែនជារឿងចៃដន្យនោះទេ សម្រាប់បុរសវ័យកណ្ដាល ដែលធ្លាប់ជាអ្នកមានជីវភាពខ្វះខាត មកពីខេត្តតាកែវរូបនេះ ត្បិតរូបលោក និងក្រុមគ្រួសារ បានចាត់ទុកអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ស្មើអ្នកមានគុណទី២ របស់ខ្លួនរហូតមកទល់សព្វថ្ងៃ។
ក្រោយពេលបានកែប្រែជីវភាពក្រុមគ្រួសារក្នុងរយៈពេលដ៏ត្រឹមតែ ៤ឆ្នាំ លោក សាវឿន ជីវុធ បានបន្តរ៉ាយរ៉ាប់ពីសាច់រឿងជីវិតពិត ដោយមិនខ្មាស់អៀនថា កាលពីមុន រូបលោក និងភរិយា ក្រខ្សត់ដល់ថ្នាក់គ្មានលុយគ្រប់គ្រាន់ សម្រាប់ទិញម្ហូបហូបបាយ។

លោកបាន រៀបរាប់ដោយមិនខ្មាស់អៀនថា៖ «នឹកកាលពី៤ឆ្នាំមុន ថ្ងៃពីរនាក់ប្រពន្ធកំសត់ ខ្ញុំទៅធ្វើការបាត់ ប្រពន្ធនៅផ្ទះ អត់មានលុយចាយ ឆាតមកសួរប្ដីមានលុយចាយអត់ កាលហ្នឹងនៅសល់តែ2700រៀលក្នុងខ្លួន អាណិតប្រពន្ធពេក ក៏ដាច់ចិត្តយកចិញ្ជៀនកាលភ្ជាប់ពាក្យទៅបញ្ជាំគេ4មុឺនរៀល ទិញម្ហូបអោយប្រពន្ធ ពេលមកដល់បន្ទប់វិញឃើញសំបកស្ករកៅស៊ូ ក៏សួរប្រពន្ធគាត់ថាឃ្លានពេកអត់មានលុយទិញអីហូបទេ ឃើញស្ករកៅស៊ូជសប់ជញ្ជាំងក៏ហូបទៅ ក្នុងចិត្តគ្នានអ្វីនឹងថ្លែងទេ។ បន្ទាប់មកមួយរយៈក្រោយ សំណាងល្អបានស្គាល់បងឡេងណាវ៉ាត្រា និងអ្នកបងជំទាវ គាត់បានណែនាំ និងផ្ដល់ឪកាសអោយខ្ញុំ ធ្វើជាបុគ្គលិកក្រុមហ៊ុនគាត់ ទើបខ្ញុំ និងភរិយា បានរួចពីភាពលំបាកវេទនា អាចមានជីវភាពសមរម្យនឹងគេ»។


ក្នុងសំណេរដ៏សែនកំសត់របស់ខ្លួន សាវឿន ជីវុធ បានសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅ និងបានចាត់ទុក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ប្រៀបបាននឹងអ្នកមានគុណដ៏ធំធេងទី២ បន្ទាប់ពីឪពុកម្ដាយ។

គួររំលឹកផងដែរថា កាលពី៤ឆ្នាំមុន លោក សាវឿន ជីវុធ គ្រាន់តែជាបុគ្គលិកពេញម៉ោងប្រចាំក្រុមហ៊ុនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប៉ុណ្ណោះ។ ក្រោយមក ដោយមើលឃើញពីឱកាសការងារកាន់តែទូលំទូលាយ លោកក៏បានបន្ត ធ្វើការងារជាភ្នាក់ងារលក់អចលនទ្រព្យរបស់អ្នកឧកញ៉ា។ បន្តិចម្ដងៗ ដោយការខិតខំប្រឹងប្រែង តស៊ូ និងភាពស្មោះត្រង់ គួបផ្សំទៅនឹងទេពកោសល្យផ្នែកលក់ដ៏ប៉ិនប្រសព្វផងនោះ បានរុញច្រានឱ្យលោក ទទួលបានភាពជោគជ័យកាន់តែលឿន រហូតបច្ចុប្បន្នកាន់កាប់តួនាទីជាប្រធានក្រុមដ៏ខ្លាំងមួយរូប នៃភ្នាក់ងារលក់អចលនទ្រព្យរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ៕

