បន្ទាប់ពីជួបព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានបណ្តាលឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាពលរដ្ឋ រោងចក្រ សហគ្រាស ក្រុមហ៊ុន អាជីវកម្ម ជាពិសេសសេដ្ឋកិច្ចកម្ពុជាតែម្តង។ ខណៈដែលអាជ្ញាធរបានចូលរួមយ៉ាងសស្រាក់សស្រាមដើម្បីប្រយុទ្ធទប់ទល់។
នៅរសៀលថ្ងៃទី២៦ ខែមីនានេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវស្នើសុំម្ចាស់ផ្ទះជួល បន្ទប់ជួលទាំងអស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អនុគ្រោះមិនយកថ្លៃឈ្នួល ឬពិនិត្យលទ្ធភាពបញ្ចុះតម្លៃ អំឡុងពេលលំបាកនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។
១. ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ក្នុងអំឡុងពេលនៃការផ្ទុះ ព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» នេះ រហូតដល់ស្ថានភាពនៃការរីករាលដាលមេរោគកូវីដ-១៩ មាន សភាពធូរស្រាលឡើងវិញ។
២. យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ពីសំណាក់អ្នកជួល ទាំងឡាយ ដោយតួរលើកលែងការពិន័យឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវ ក្នុងការបង់ប្រាក់ថ្លៃឈ្នួល និងបន្តអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅបន្តទៅទៀត ដោយមិនគួរបណ្តេញ ពួកគាត់ចេញឡើយ។
ក្រសួងសុខាភិបាលរាយការណ៍នៅរាជធានីភ្នំពេញ គិតត្រឹមម៉ោង ០៧ ០០ ព្រឹកថ្ងៃទី២៦ មីនានេះ មានការរកឃើញករណីអ្នកឆ្លងកូវីដថ្មីត្រឹម ១៩ នាក់ប៉ុណ្ណោះ ធៀបម្សិលមិញដែលមានអ្នកឆ្លងរហូតដល់ ៥០ នាក់ ជាតួលេខខ្ពស់បំផុតដ៏គួរឲ្យបារម្ភ៕