រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ព្រុំ សុខា បានសម្រេចបង្វែរសំណុំរឿងរបស់លោក ខឹម មុនីកុសល ដែលជាមន្ត្រីសុខាភិបាល ទៅរដ្ឋបាលខេត្តប៉ៃលិន ដើម្បីចាត់ការអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ បន្ទាប់ពីលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន សម្រេចបណ្តេញពីក្របខណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ខេត្ត។
ក្នុងលិខិត លោក ព្រុំ សុខា ជម្រាបជូនលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្រសួងមុខងារសាធារណៈ បានទទួលពាក្យបណ្តឹងតវ៉ារបស់លោក ខឹម មុនីកុសល អាយុ ៤៨ឆ្នាំ ជាមន្ត្រីសុខាភិបាល នៅការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាល ខេត្តប៉ៃលិន ដែលបានដាក់ពាក្យប្តឹងជំទាស់ នឹងដីកាលេខ ០១៨/២១ ដក.តត របស់រដ្ឋបាលខេត្តប៉ៃលិន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្តីពី ការអនុវត្តទណ្ឌកម្មខាងវិន័យថ្នាក់ទី២។ លោក ព្រុំ សុខា បានជម្រាបជូនលោកជំទាវអភិបាលខេត្តប៉ៃលិន សូមចាត់ចែងអនុវត្ត និងដោះស្រាយឲ្យទទួលបានលទ្ធផលល្អប្រសើរ។
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញដីកា សម្រេចបណ្តេញលោក ខឹម មុនីកុសល ចេញពីក្របខណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់។ មូលហេតុ ត្រូវបានលោកជំទាវអភិបាលខេត្ត លើកឡើងថា លោក ខឹម មុនីកុសល បានប្រព្រឹត្តិកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ៕