ការផ្ទុះព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ បណ្តាលឲ្យមានកំណើនអ្នកឆ្លងថ្មី និងចំនួនអ្នកស្លាប់កើនឡើងជារៀងរាល់ថ្ងៃ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដ៏តឹងរឹងដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩។
នៅរសៀលថ្ងៃទី២៩ ខែមីនានេះ ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្តិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតត្រូវបានប្រកាស់ប្រើប្រាស់ជាផ្លូវការហើយ ចាប់ពីថ្ងៃទី១១មីនាឆ្នាំ២០២១តទៅ។
ច្បាប់ថ្មីនេះត្រូវបានតាក់តែង និងអនុម័តជាច្បាប់ប្រញាប់ ដើម្បីយកទៅអនុវត្តប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ច្បាប់នេះ បានកំណត់ពិន័យអ្នកបំពានវិធានការពារជំងឺកូវីដ១៩ពីចន្លោះ១លានដល់២០លានរៀល និងអាចត្រូវជាប់ពន្ធនាគារពី៦ខែរហូតដល់២០ឆ្នាំឯណោះ៕
