ភ្នំពេញៈ លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងជាអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបគ្រោងសាងសង់ទីក្រុងរណបថ្មីមួយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥នាពេលខាងមុខ។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី៣១ កក្កដាកន្លងមកថា គំរោងនេះមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៥ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីកណ្តាលរាជធានីភ្នំពេញ។ លោកបន្តថា មានបណ្តុំនូវអ្វីៗគ្រប់យ៉ាង និងមានការដាំដើមឈើ ការរៀបចំបឹងសប្បនិម្មិត និងគំរោងជាច្រើនទៀត ដែលផ្តល់ផាសុខភាពដល់អ្នករស់នៅ និងជួយដល់ការលើកកំពស់បរិស្ថានផងដែរ។លោកឧកញ៉ាបានន្តថា “ការវិនិយោគគំរោងនេះនឹងធ្វើឡើងនាពេលខាងមុខ ប៉ុន្តែខ្ញុំមិនអាចបញ្ជាក់ពីពេលវេលាជាក់លាក់បាននៅឡើយទេ”។
លោកឧកញ៉ាលី ហួរបានបន្តថា គំរោងនេះមានផ្ទៃដី១៥០ហិកតា ជាគំរោងធំមួយ ដែលនឹងទាក់ទាញការរស់នៅរបស់ប្រជាពលរដ្ឋ ហើយអ្នករស់នៅក្នុងគំរោងនេះនឹងមាន ភាពស៊ីវិល័យ និងមានអារម្មណ៍មិនចង់ចាកចេញ ដោយសារយើងនឹងរៀបចំគំរោងនេះសំរាប់ផ្តល់ភាពស៊ីវិល័យ និងងាយស្រួលក្នុងការរស់នៅ។
ទោះជាយ៉ាងណាលោកឧកញ៉ាមិនបញ្ជាក់ ឲ្យដឹងពីទុនវិនិយោគគំរោងដ៏ធំនេះ មានទឹកប្រាក់ប៉ុន្មានលានដុល្លារអាមេរិកនោះទេ។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ទីផ្សារលំនៅដ្ឋានពិតជាមានដំណើរការល្អប្រសើរ ខណៈអ្នកវិនិយោគធំៗ នៅតែមានគំរោងបាននិងកំពុងទិញដី នៅតាមបណ្តោយផ្លូវជាតិសំខាន់ៗជាច្រើនដូចជាផ្លូវជាតិលេខ៣ លេខ៤ លេខ៥ ផ្លូវជាតិលេខ២ជាដើម។
លោកបន្តថា “ខ្ញុំមើលឃើញថាទីផ្សារលំនៅដ្ឋាននៅតែមានតម្រូវការខ្ពស់ ដោយសារប្រជាជនស្រទាប់កណ្តាល ពិសេសអ្នកមានជីវភាពមធ្យមជាច្រើននៅមានកង្វះខាតលំនៅដ្ឋានច្រើននៅឡើយ”។ លោកបន្តថា “ទីផ្សារលំនៅដ្ឋានបាននិងកំពុងមានសន្ទុះខ្លាំង សម្រាប់់ផ្ទះតម្លៃមធ្យម និងក្រោមមធ្យម”៕
ប្រភព៖www.propertyarea.asia