នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព លោកជំទាវឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផានអ៊ីម៉ិច ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៦២ឆ្នាំដោយរោគាពាធ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ និងសង្វេគរកទីបំផុតគ្មាន ចំពោះមរណភាពរបស់ លោកជំទាវឧកញ៉ា ស៊ុយ សុផាន ដែលបានបាត់បង់នូវឧត្តមភរិយា ម្ដាយ និងជីដូនដ៏ល្អមួយរូប ប្រកបដោយ ព្រហ្មវិហារធម៌ ទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាចំពោះ លោកឧកញ៉ា បុត្រា បុត្រី និងចៅៗ មិនតែប៉ុណ្ណោះទេ ក៏ជាការបាត់បង់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភមួយរូប ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យពុទ្ធចក្រ អាណាចក្រ ក៏ដូចជាការងារមនុស្សធម៌ផងដែរ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកស្រីឧកញ៉ា ស៊ុយ សុផាន សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាត ក្លាយជាបការៈដទៃឡើយ៕