ប្រិយមិត្តបានដឹងរួចមកហើយ ពីការប្រកាសរបស់រាជរដ្ឋាភិបាល ក្នុងការទិញមន្ទីរពេទ្យស្ត្រីនគរទេព ដើម្បីត្រៀមអគារបន្ថែម សម្រាប់ដាក់ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅកម្ពុជា ដែលចេះតែមានចំនួនកើនឡើងរៀងរាល់ថ្ងៃ។ ដោយឡែកចំពោះ សាវតារបស់មន្ទីរពេទ្យ «ហ្លួងម៉ែ» ដែលទើបតែសម្រេចប្ដូរឈ្មោះមកពី មន្ទីរពេទ្យ ស្ត្រីនគរទេព នោះមានប្រវត្តិយ៉ាងណា ប្រហែលជាប្រិយមិត្តខ្លះ មិនទាន់បានជ្រួតជ្រាបអស់នៅឡើយទេ។


មន្ទីរពេទ្យស្ត្រីនគរទេព ត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំ ២០១៦ និងដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសាងសង់នៅលើទំហំដីដ៏ធំរហូតដល់ប្រមាណ១.៥ហិកតា និងមានបន្ទប់សម្រាប់សម្រាកព្យាបាលជាង ២០០ បន្ទប់ មានទីតាំងនៅសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាការផ្តួចផ្តើមគំនិតដំបូងរវាងលោកស្រី ជេននី រីតស្កេស (Janne Ritskes) ប្រធានអង្កការ តាប៊ីថា កម្ពុជា (Tabitha Cambodia) ជនជាតិហូឡង់ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីលោកជំទាវ អ៊ឹង កន្ថាផាវី តាមរយៈការរៃអង្គាសប្រាក់ពិសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស។


ដោយសារមេរោគកូវីដ-១៩ មានសន្ទុះវាយលុកគួរឱ្យព្រួយបារម្ភ និងមានចំនួនអ្នកឆ្លងកាន់តែច្រើនឡើងៗរៀងរាល់ថ្ងៃ ក្នុងស្ថានការណ៍ដ៏បន្ទាន់នេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចទិញយកមន្ទីរពេទ្យ ស្ត្រីនគរទេព ដោយបានប្ដូរឈ្មោះមកជាមន្ទីរពេទ្យ ហ្លួងម៉ែ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្រោមជំនួសសប្បុរសជន អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ និងអ្នកមានទ្រព្យធនជាច្រើននាក់ផ្សេងទៀត បានចូលរួមឧបត្ថម្ភថវិកាសម្រាប់ទិញមន្ទីរពេទ្យនេះ។

ដើមឡើយ មន្ទីរពេទ្យស្ត្រីនគរទេពបង្កើតឡើងក្នុងគោលបំណងជួយដល់ស្ត្រីនៅកម្ពុជាដែលពុំមានលទ្ធភាពក្នុងការព្យាបាលជំងឺទាក់ទងនឹងបញ្ហារោគស្ត្រី តួយ៉ាងដូចជាជំងឺមហារីកសុដន់របស់ស្ត្រីជាដើម។ ការបង្កើតមន្ទីរពេទ្យនេះឡើង ដោយសង្ឃឹមថានឹងអាចបញ្ឈប់រាល់ការលំបាកទាំងឡាយរបស់ស្ត្រី ដែលមានភាពអៀនខ្មាស ព្យាយាមលាក់ជំងឺផ្សេងៗរបស់ខ្លួន ការឈឺចាប់ក្នុងចិត្តរបស់ស្ត្រី ទុក្ខវេទនារបស់ស្រ្តីដែលមានជីវភាពក្រីក្រនៅកម្ពុជា។

យោងតាមចំណាររបស់សម្តេចតេជោហ៊ុន សែន កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ បានឱ្យដឹងថា មន្ទីរពេទ្យស្ត្រីនគរទេព និងត្រូវប្តូរឈ្មោះទៅជាមន្ទីរពេទ្យហ្លួងម៉ែ ដើម្បីថ្វាយព្រះមរមរាជកិត្តិយសចំពោះព្រះរាជកិច្ចដឹកនាំប្រកបដោយទសពិធរាជធម៌ តាមព្រះរាជលំងានព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ ព្រះមរមកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។ ដោយឡែក ស្ថានភាពចំពោះមុខ មន្ទីរពេទ្យនេះបានកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ លុះដល់ថ្ងៃអនាគតមន្ទីរពេទ្យ ហ្លួងម៉ែ នឹងដាក់ឲ្យប្រើប្រាស់ព្យាបាលជំងឺទូទៅជារៀងរហូត៕

