កាលពីថ្ងៃ ៣០ មីនា ២០២១ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានដឹកនាំកិច្ចប្រជុំ លើគម្រោងអភិវឌ្ឍព្រលានយន្តហោះថ្មីខេត្តមណ្ឌលគិរី។
ការប្រជុំដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ មានទាំង Consultant ផងនោះ ឯកឧត្តមបានលើកយកចំណុចពីរដើម្បីសិក្សាបន្ថែម៖
១. ត្រូវយកចិត្តទុកដាក់បញ្ចូលបន្ថែមនូវសកម្មភាពអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ច តំបន់ស្របតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍។
២.ត្រូវរកវិធីសាស្រ្តថ្មីៗដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ឱ្យធ្វើការហោះហើរ ទៅតំបន់នោះដូចជាផលិតផលទេសចរណ៍ថ្មីៗ សកម្មភាពសេដ្ឋកិច្ចនិងវិនិយោគថ្មីៗ។
រដ្ឋបាលខេត្តមណ្ឌលគិរី បានត្រៀមដីជាង ៦០០ ហិកតាលើគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តមណ្ឌលគិរី ដើម្បីប្រែក្លាយតំបន់ភូមិភាគឥសាន្ត ដែលជាប៉ូលសេដ្ឋកិច្ចទី៤ ជាកន្លែងកសិឧស្សាហកម្មកសិទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរីនេះ ត្រូវបានសិក្សាតាំងពីឆ្នាំ ២០១៩ ដោយនៅជំហានដំបូងគ្រោងសាងសង់លើដី ៣០០ ហិកតា តែបច្ចុប្បន្នពង្រីកជា ៦០០ហិកតា។ ក្រោយសាងសង់រួច គម្រោងនេះ នឹងបម្រើដល់ការដឹកជញ្ជូនផ្លូវអាកាស និងដឹកជញ្ជូនភ្ញៀវទេសចរ ទៅតំបន់ទេសចរណ៍ភាគឥសានប្រទេស រួមមានខេត្តមណ្ឌលគីរី រតនគីរី ស្ទឹងត្រែង និងក្រចេះ៕