ឆ្នាំ ២០២១ ក្រុមហ៊ុនបណ្តាញទូរសព្ទ Smart ទម្លាក់លុយ ៩០ លានដុល្លារ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធបណ្ដាញទំនាក់ទំនង រួមទាំងការពង្រឹងបណ្ដាញប្រព័ន្ធ 4G LTE សម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេស។
លោក Thomas Hundt អគ្គនាយកក្រុមហ៊ុន Smart Axiata បានឲ្យដឹងថា ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុននឹងវិនិយោគទឹកប្រាក់ច្រើនជាង ៩០ លានដុល្លារទៅលើហេដ្ឋារចនាសម្ព័ន្ធបណ្ដាញទូរស័ព្ទចល័ត ដោយពង្រីកនិងធ្វើឲ្យប្រសើរឡើងនូវបណ្តាញទំនាក់ទំនងដើម្បីធានាឲ្យបាននូវស្ថិរភាពនិងល្បឿននៃបណ្ដាញអ៊ីនធឺណិត សម្រាប់អតិថិជនទូទាំងប្រទេស។
លោកបញ្ជាក់យ៉ាងដូច្នេះថា ខណៈពេលដែលអតិថិជន Smart បានចាប់ផ្ដើមប្រើប្រាស់ 4G នៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុននឹងផ្លាស់ប្ដូរវិសាលភាពបណ្ដាញសេវា 3G ទៅជា 4G វិញទាំងអស់ រួមទាំំងរៀបចំតំឡើងប្រព័ន្ធ 5G ដែលផ្តល់គុណភាពនៃល្បឿនអុិនធឺណិតកាន់តែប្រសើរ។
បច្ចុប្បន្នក្រុមហ៊ុន Smart មានស្ថានីយ៍បណ្ដាញចំនួនច្រើនជាង ៣០០០ ទីតាំង ហើយចុងឆ្នាំ ២០២០ ក្រុមហ៊ុនគ្រោងសាងសង់ស្ថានីយ៍បណ្តាញចំនួន ៣៥០ កន្លែងបន្ថែមទៀត ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់សេវាអ៊ឺនធឺណិតចល័តដែលកំពុងកើនឡើងក្នុងប្រទេសកម្ពុជា។