ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុម័តជាផ្លូវការរួចហើយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា វិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា។ វិស័យទេសចរណ៍ ក៏ដូចជាវិស័យនានាបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។ សម្រាប់កម្ពុជា ការស្តារឡើងវិញនៃវិស័យនេះទាមទារឱ្យមានការគិតគូរ និងតម្រង់ទិសច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
សេចក្តីប្រកាសព័ត៌មានខាងលើ ក៏កំណត់យកខេត្តសៀមរាបធ្វើផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ដោយមានគោលដៅធ្វើឱ្យខេត្តមួយនេះ អាចក្តាប់យកមកវិញនូវមោទនភាពជាគោលដៅទេសចរណ៍ចម្បងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលមធ្យម និងវែងខាងមុខ។ កំណត់ចក្ខុវិស័យឱ្យខេត្តសៀមរាបទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណ ១៨.៤ លាននាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួនប្រមាណ ១០.៩ លាននាក់ និងទេសចរអន្តរជាតិចំនួនប្រមាណ ៧.៥ លាននាក់ បង្កើតការងារប្រមាណ ៩៤ ម៉ឺននាក់ នាំចំណូលហូរចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាបប្រមាណ ៦ ពាន់លានដុល្លារអាម៉េរិក និងធ្វើឱ្យខេត្តនេះ និងតំបន់ជុំវិញក្លាយជា «គោលដៅទេសចរណ៍ប្រកបដោយគុណភាព» ឆ្ពោះទៅឆ្នាំ២០៣៥ តាមរយៈការដាក់ចេញ និងអនុវត្តនូវគោលដៅយុទ្ធសាស្ត្រចំនួន ៧ រួមមាន៖
១៖ ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពនៅខេត្តសៀមរាប
២៖ ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ
៣៖ ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍មកខេត្តសៀមរាប
៤៖ ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប
៥៖ ការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប
៦៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍នៅខេត្តសៀមរាប
៧៖ ការពង្រឹងអភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប។
សូមបជម្រាបថា ផែនការមេនេះ ដាក់ចេញនូវយុទ្ធសាស្រ្តសរុបចំនួន ៤៤ សកម្មភាពអនុវត្តសរុបចំនួន ១៣៦ សម្រាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង អមជាមួយគម្រោងសកម្មភាពអាទិភាពចំនួន ២០។ ក្រសួងទេសចរណ៍នឹងបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តឯកសារដ៏មានសារៈសំខាន់ជាយុទ្ធសាស្រ្តទាំងពីរខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕