លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ណ្តាញសារព័ត៌មានថា ផ្សារដើមគរដែលជាផ្សារបោះដុំនិងចែកចាយបន្លែដ៏ធំ នឹងមិនមានការបិទទេ។ ក្រុមអាជីវករអាចទៅទិញបន្លែផ្សារដើមគរ យកទៅលក់ចែកចាយជាធម្មតាតែត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរ ឬប្រធានផ្សារ ដើម្បីអាចធ្វើដំណើរពេលយប់បាន។
«សូមឱ្យគាត់មានលិខិតបញ្ជាក់មក សមត្ថកិច្ចគាត់អត់ចេះទាយ ឬមើលមុខទៅដឹងថា អ្នកនេះអាជីវករផ្សារដើមគ ឬអ្នកនោះលក់នេះ លក់នោះ ប្រធានក្រុមហ៊ុននេះ គេអត់ដឹងទេ។ អ៊ីចឹងមានលិខិតបញ្ជាក់ពីផ្សារ ឬអាជ្ញាធរមូលដ្ឋាន ហើយគាត់កាន់អាហ្នឹងទៅ គាត់ធ្វើដំណើរក្នុងម៉ោងដែលគេហាមឃាត់ គឺគាត់រួចពីអាហ្នឹងហើយ។ គាត់អាចធ្វើដំណើរបានធម្មតាហើយ ឱ្យតែគាត់មានលិខិតបញ្ជាក់ថា គាត់ជាអាជីវករ ជាអីហ្នឹង»។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានដាក់បម្រាមគោចរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ចាប់ពីម៉ោង៨ យប់រហូតដល់ម៉ោង ៥ព្រឹក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។ វិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ នាំឱ្យមានក្តីបារម្ភមួយចំនួនពាក់ព័ន្ធដល់ការចែកចាយ និងការទិញដូរបន្លែនៅផ្សារដើមគ។ដែលជាផ្សារបោះដុំនិងចែកចាយបន្លែដ៏ធំនៅក្នុងរាជធានីភ្នំពេញ៕