ប្រេងឆៅបូមចេញពីតំបន់អប្សរានៃកម្ពុជា មានបរិមាណទាបជាងក្តីរំពឹងខ្លាំង នាំឲ្យផ្ដល់ចំណូលទាប ដែលប៉ះពាល់ខ្លាំងដល់ផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវិនិយោគក្នុងកម្រិតធំ។ នេះបើតាមសេចក្តីប្រកាសបន្ទាន់របស់ក្រុមហ៊ុន Kris Energy ចុះផ្សាយនៅថ្ងៃទី៣១មីនា។
ក្រុមហ៊ុន Kris Energy ដែលកំពុងប្រតិបត្តការបូមប្រេងនៅតំបន់អប្សរា ក្នុងប្រទេសកម្ពុជា បានអះអាងថា ខ្លួនកំពុងសើរើ និងពិនិត្យពីផែនការចង្វាក់ផលិតកម្មឡើងវិញ ដើម្បីធ្វើយ៉ាងណាបង្កើតបរិមាណប្រេងឱ្យបានច្រើនជាងមុន ដោយបរិមាណប្រេងបូមទាបជាងក្តីរំពឹងខ្លាំង។
បើតាមលិខិតបន្ទាន់ចុះផ្សាយនៅថ្ងៃទី៣១មីនា ក្រុមហ៊ុន Kris Energy បានដំណើរការអណ្តូងទាំង៥ នៅក្នុងប្លុកA នៃដែនសមុទ្រកម្ពុជាហើយ ដោយដំណក់ប្រេងលើកដំបូងរបស់កម្ពុជាបានផលិតចេញពីអណ្តូងប្រេងទី១ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។
បើទោះបីអណ្ដូងប្រេងទាំង៥ ដំណើរការរួចហើយក្ដី គិតចាប់ពីថ្ងៃបញ្ចេញដំណក់ប្រេងដំបូង ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ជាមធ្យម ក្រុមហ៊ុនបូមប្រេងបានត្រឹម ២ ៤៩៣ ប៉ារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលទាបជាងផែនការដែលចង់បានខ្លាំង ពោលគឺប្រមាណ ៧ ៥០០ ប៉ារែលក្នុងមួយថ្ងៃ។ បញ្ហានេះបានធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះ ហើយក៏កំពុងប្រឈមនឹងបញ្ហាបំណុលថែមទៀត។
នៅចំពោះមុខនៃបញ្ហានេះ ក្រុមហ៊ុនកំពុងពិនិត្យមើលផែនការចង្វាក់ផលិតកម្មឡើងវិញ ក្រោមជំនួយរបស់ក្រុមហ៊ុនហូឡង់ Sewell & Associates, Inc. (“NSAI”) ដែលជាអ្នកវាយតម្លៃលើអណ្តូងទាំង៥ ឡើងវិញ ដោយរំពឹងថានឹងបញ្ចប់ការពិនិត្យដំបូង ក្នុងខែមេសា ឆ្នាំ២០២១នេះ។
សូមរំព្ញកថា រដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KrisEnergy តាំងពីខែសីហា ឆ្នាំ២០១៧ មកម្ល៉េះ ក្រោមកិច្ចសន្យា ៩៥% និង ៥% ពោលគឺក្រុមហ៊ុន KrisEnergy មានភាគហ៊ុន ៩៥ ភាគរយ ចំណែកឯរដ្ឋាភិបាលមានភាគហ៊ុន ៥ ភាគរយ លើចំណូលចេញពីការរុករកប្រេងនេះ។
គួរជម្រាបជូនថា គម្រោងអណ្តូងអប្សរានេះ ទទួលបានការសាទរពីរដ្ឋាភិបាលកម្ពុជាមែនទែន ដោយសម្តេចតេជោ ហ៊ុន សែន ធ្លាប់រំពឹងថា កម្ពុជានឹងមានចំណូលបន្ថែមទៀតពី រ៉ែប្រេង ធ្យូងថ្ម និងរ៉ែមាស។ ចំណែកឯ ចំណូលដែលបានពីរ៉ែប្រេង នឹងត្រូវផ្តល់អាទិភាពលើ វិស័យអប់រំ និងសុខាភិបាលផងដែរ៕
ប្រែសម្រួលពីវិទ្យុបារាំងអន្តរជាតិ RFI